ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១០នាក់ដោយសារព្យុះព្រិលនៅអ៊ុយក្រែន មនុស្សរាប់សិបនាក់រងរបួសនិងដាច់ភ្លើងទ្រង់ទ្រាយធំ

ចែករំលែក៖

បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតទទួលរងការវាយប្រហារដោយព្យុះព្រិលទ្រង់ទ្រាយធំបណ្តាលឱ្យមានមនុស្ស ១០នាក់ស្លាប់ ក្នុងនោះមាន៨នាក់នៅក្នុងប្រទេសអ៊ុយក្រែន និងបង្កឱ្យដាច់
អគ្គិសនីយ៍ជាទ្រង់ទ្រាយធំ ។ ផ្លូវល្បឿនលឿនជាច្រើនត្រូវបានបិទដើម្បីបង្ការគ្រោះថ្នាក់កើតឡើង។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ព្យុះព្រិលនៃរដូវរងាបានបោកបក់នៅភាគកណ្តាលនិងភាគខាងត្បូងអ៊ុយក្រែនបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង៣នាក់ទៀតស្លាប់នៅក្នុងប្រទេសជិតខាង គឺម៉ុលដាវី ខណៈដែលព្រិលនិងខ្យល់បក់ខ្លាំងបានផ្តាច់ចរន្តអគ្គិសនីសម្រាប់ទីប្រជុំជននិងភូមិរាប់រយ ក៏ដូចជាបិទផ្លូវហាយវេ។
យ៉ាងហោចណាស់មនុស្សចំនួន ១៩នាក់បានរងរបួសនៅអ៊ុយក្រែន និង១០នាក់ទៀតនៅម៉ុលដាវី។ ខ្យល់បក់ខ្លាំងបានធ្វើឲ្យព្រិលធ្លាក់មានកម្រាស់ដល់ជាង ២ម៉ែត្រនៅកន្លែងខ្លះ។
មន្រ្តីឧតុនិយមបានព្យាករថា អាកាសធាតុកាន់តែអាក្រក់កំពុងធ្វើដំណើរមកជាមួយព្រិលនិងភ្លៀងធ្លាក់នៅទូទាំងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងតាមវីដេអូថា មនុស្ស ៥នាក់ដែលបានស្លាប់គឺនៅក្នុងតំបន់ Odesa ភាគខាងត្បូង ហើយអាចនឹងមាននៅកន្លែងផ្សេងទៀត។ ភ្នាក់ងារបន្ទាន់ បាននិយាយថា ភ្លើងនៅតែដាច់ក្នុងទីតាំង៨៨២កន្លែង។ ការធ្វើចរាចរណ៍លើផ្លូវជាតិចំនួន១០ត្រូវបានផ្អាក ហើយរថយន្តជាង ១៥០០គ្រឿងកំពុងជាប់គាំង។

រីឯសាលារៀននានាត្រូវបានបិទទាំងនៅភាគខាងត្បូងអ៊ុយក្រែននិងនៅម៉ុលដាវី។
ប្រឈមមុខនឹងអាកាសធាតុដ៏ត្រជាក់ ទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ដែលកំពុងឈរជើងនៅតំបន់ជួរមុខក៏មានការភ័យខ្លាចថារុស្ស៉ីអាចវាយប្រហារលើបណ្តាញអគ្គិសនី ព្រមទាំងការវាយប្រហារតាមអាកាសនៅក្នុងរដូវរងានេះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ 60giay.com)


ចែករំលែក៖