ខេត្តកំពត ៖ នៅព្រឹកទី២៨ វិច្ឆិកា ២០២៣ លោក សុី ឃាង ក្រុមយុវជនជួយជនក្រីក្រ និងក្រុមការងារបាននាំយកថវិកាព្រមទាំងសម្ភារៈមួយចំនួនមកប្រគល់ជូនប្អូនប្រុស អន ផានិត ដែលទើបប្រលងបាក់ឌុបជាប់បាននិទ្ទេសA ២០២៣ នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត ។
លោកសូមកោតសរសើរប្អូនប្រុសដែលបានខិតខំរៀនសូត្រប្រលងជាប់និទ្ទេសល្អណាស់ បើក្រឡែកមើលស្ថានភាពគ្រួសារវិញមានការខ្វះខាត ឪពុកម្តាយពិការទាំងពីរ តែប្អូននៅតែខិតខំរៀនបានល្អបំផុត។
ប្អូនប្រុស អន ផានិត និងក្រុមគ្រួសារ ត្រេកអរបំផុត ទទួលបានស្នាមញញឹម ហើយខ្លួននិងឪពុកម្ដាយព្រមទាំងប្អូនស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសជន បានជួយដល់ប្អូននិងក្រុមគ្រួសារ ស្របពេលដែលខ្លួនកំពុងស្ថិតក្នុងភាពលំបាកក្នុងស្ថានភាពគ្រួសារ។
សូមបញ្ជាក់ : ប្អូនប្រុស អន ផានិត ជាកូនប្រុសច្បងក្នុងចំណោមបងប្អូនពីរនាក់ ឪពុកម្ដាយពិការទាំងពីរ រស់នៅក្នុងផ្ទះដ៏កំសត់ ខ្វះមុខខ្វះក្រោយ ប៉ុន្តែយុវជនរូបនេះ បានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ខណៈម្ដាយរបស់ប្អូនដែលជាស្ត្រីក្រខ្សត់ ពិការ ប្ដីក៏ពិការ មានត្រឹមតែមុខរបរកាត់ដេរតូចមួយនៅផ្ទះ ដើម្បីចិញ្ចឹមកូន ផ្គត់ផ្គង់រៀនសូត្រ បានត្រឹមតែរៀបចំចំណីអាហារសម្រាប់អោយកូនញ៉ាំ មុនពេលទៅសាលាប៉ុណ្ណោះ។ ដោយឡែកចំពោះថវិកា សូម្បីតែ ៥០០រៀល ក៏មិនបានឲ្យកូនសម្រាប់ដាក់តាមខ្លួនពេលទៅរៀនឡើយ។ ប៉ុន្តែ សាច់ញាតិរបស់គាត់ដែលមានធនធានមធ្យម ពេលឃើញ ប្អូនប្រុស អន ផានិត ខិតខំរៀនសូត្រ ក៏បានជួយទំនុកបម្រុងខ្លះដើម្បីបានប្រាក់ទៅរៀនគួរ ។
ប្អូនប្រុស អន ផានិត មិនដែលចោលសាលា មិនដែលដើរលេងផ្ដេសផ្ដាស ។ នេះបើតាមការអះអាងពីម្ដាយរបស់ខ្លួន ដោយគាត់បញ្ជាក់ថា , ផានិត និងប្អូនស្រី កូនរបស់គាត់ប្រកបដោយគន្លងធម៌ណាស់ ចេញពីសាលាមកផ្ទះ។ ទោះជាឪពុកម្ដាយពិការទាំងអស់គ្នា និងជួបការលំបាកផងនោះ ពួកគេមិនដែលទាមទារអ្វី ធ្វើឱ្យឪពុកម្ដាយលំបាកចិត្តទេ។ ខិតខំរៀនសូត្រ ទោះជាគ្មានប្រាក់ទៅសាលារៀន ក៏ញ៉ាំបាយជាមួយទឹកត្រី និងម្ហូបតិចតួច មានបាយក្តៅ បាយកក ផានិត មិនរើស ដើម្បីឲ្យពេញក្រពះ បានទៅរៀន។
ផានិត និយាយថា, ខ្លួនសប្បាយចិត្តបំផុត ពេលដែលការតស៊ូរបស់ខ្លួន ក្នុងការសិក្សារៀនសូត្រ ប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ដើម្បីឲ្យឪពុកម្ដាយ និងប្អូនស្រី សប្បាយចិត្ត។ គោលបំណងរបស់ ផានិត ចង់បន្តការសិក្សាទៅមុខទៀត ច្រើនជាងធ្វើការក្នុងពេលបច្ចុប្បន្ន ៕
ដោយ ៖ សុខ ខេមរា