ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសុខសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យនោះដែរ

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេ តែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជា បើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនពុំមានសន្តិភាពនោះទេ យើងមិនអាចមានការអភិវឌ្ឍ និងបង្កើតសមិទ្ធផលពិតប្រាកដដូចបច្ចុប្បន្ននេះទេ  ហើយការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន២គឺបរិស្ថានអំណោយផលល្អ (សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយនោះ សម្តេចសុខចិត្តឲ្យក្រុមមួយក្តាប់តូចចោទសម្តេចថា ជាមេដឹកនាំផ្តាច់ការទៅចុះ ដើម្បីធ្វើយ៉ាង​លើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត​ក្រោមម្លប់សន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ក្រុមប្រឆាំងទាំង​នោះថា «អ្នកដែលចោទខ្ញុំ​ឲ្យ​តែរដ្ឋាភិបាល​និយាយពីសុខសន្តិភាពគឺស្មើនឹងផ្ដាច់ការ…ហើយឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយនោះគេតែងតែថា នេះគឺជាការផ្ដាច់ការទៅវិញ។តែទោះជាយ៉ាងណា​ បើថាហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការ​ពារសន្តិភាព ​មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយ​ដូចពេលដែលយើង​បាត់សន្តិភាពដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលយកទៅចុះ»។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ​មានភារកិច្ចដ៏ធំបំផុត គឺទទួលខុសត្រូវក្នុងការជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និង​សេដ្ឋកិច្ចឱ្យដើរទៅមុខជានិច្ច។ ​ជាងនេះទៅទៀត រាជរដ្ឋាភិបាល​នឹង​ទទួលខុសត្រូវ​លើការ​អភិវឌ្ឍទាំងឡាយ ​គិតគូរអំពីផលប៉ះពាល់​ទៅដល់មូលដ្ឋាន​ ទាំងបរិស្ថាន មនុស្ស និងសត្វផងដែរ ។

សូមជម្រាបជូនថា, រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការច្រើនណាស់ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

ដោយ ៖ សិលា 


ចែករំលែក៖