ខេត្តបាត់ដំបង៖ យោងតាមរបាយបឋមរបស់សមត្ថកិច្ចជាជំហានដំបូងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា,មានករណីបាញ់ប្រហារមួយបានកើតឡើងខណៈ ជនមិនស្គាល់មុខចូលបាញ់ប្រហារដល់ក្នុងផ្ទះអស់ជាច្រើនគ្រាប់បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់សង្ស័យរឿងគំនុំ។
ក្នុងរបាយការដដែលបានបន្តឲ្យដឹងទៀតថា,អំពើបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៨និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ និងគ្រូបង្រៀន រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខចូលបាញ់ប្រហារដល់ក្នុងផ្ទះចំនួន០៤គ្រាប់បណ្តាលអោយត្រូវដៃចំនួន០២គ្រាប់ និងដោះចំនួនមួយគ្រាប់អោយរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួន។
ចំណែក ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅដល់ពិនិត្យធ្វើកំណត់ហេតុ និងស្រាវជ្រាវស្វែងរកជនដៃដល់ដើម្បីយកមកអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា