ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា : ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវក្តី សោមនស្ស រីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ លើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖
ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា
ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើ ទៅក្នុង “ស្តង់ជាសាលារៀនគំរូ ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។
សូមអាននូវខ្លឹមសារ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា