ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអភិវឌ្ឍន៍ថាមពលអគ្គិសនីកន្លងទៅនិងតទៅមុខទៀត ធ្វើឡើងដោយឈរលើគោលការណ៍ ៣

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការអនុវត្តគោលនយោបាយរបស់យើង ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី កាលពីពេលកន្លងទៅនិងតទៅមុខទៀត គឺធ្វើឡើងដោយការទទួលខុសត្រូវ និងឈរលើគោលការណ៍ចំនួន៣ គឺ៖

– ទី១: ជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិ ដើរទៅមុខ។

– ទី២: ត្រូវគិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វ។

– ទី៣: ការអភិវឌ្ឍត្រូវតែធានានូវការថែរក្សាបរិស្ថាន និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលមានភារកិច្ចដាក់គោលដៅក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកើនឡើង។

ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសមានសុខសន្តិភាពពេញលេញ, ពីប្រជាពលរដ្ឋដែលគ្មានស្ថិរភាព និងពីទីកន្លែងដែលគ្មានសន្តិភាព ទៅជាកន្លែងអភិវឌ្ឍន៍ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅបាន និងមានការរីកចម្រើនបន្តទៅទៀត, ពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកម្ពុជានឹងដាក់ទិសឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ ។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា :  ការអភិវឌ្ឍសេដ្ឋកិច្ច គឺមិនអាចចោលបាននូវវិស័យថាមពលអគ្គិសនីនោះឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់គោលដៅច្បាស់លាស់ក្នុងការជំរុញវិស័យថាមពលអគ្គិសនីនេះជានិច្ច ដោយនឹងធ្វើការពង្រីកជាបន្តបន្ទាប់ ដើម្បីបង្រ្គប់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុនទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ​រាជរដ្ឋាភិបាលបានខិតខំ​រកប្រភពទាំងអស់ ដើម្បីស្វែងរកថាមពលអគ្គិសនី​ ខណៈសម្តេចចាត់ទុកថា សន្តិសុខថាមពលនេះ​គឺជាកត្តាសំខាន់​បំផុត ​សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ​និងសេដ្ឋកិច្ចខ្មែរទាំងមូល ​ហើយរាជរដ្ឋាភិបាលនឹងព្យាយាម​គ្រប់​យ៉ាងដើម្បី ធ្វើយ៉ាងណាកុំឲ្យភ្លើងអគ្គិសនីនេះ​មានព្រឹកអត់ល្ងាច ​មានល្ងាចអត់យប់នោះ៕

ដោយ ៖ សិលា


ចែករំលែក៖