ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខនិងឯករាជ្យភាពថាមពល គឺជាអ្វីដែលរដ្ឋាភិបាលបានដាក់គោលដៅ និងខិតខំសម្រេចឱ្យបាន

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងថា ពាក្យថា «សន្តិសុខនិងឯករាជ្យភាពថាមពល» គឺជាការធានាថា យើងអាចផលិតថាមពលបានដោយខ្លួនឯង និងថា បើយើងគ្មានសមត្ថភាពផលិតភ្លើងក្នុងស្រុក ហើយចាំតែទិញភ្លើងពីក្រៅទេ គឺចប់ហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំបន់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងវារីអគ្គិសនី គឺជាប្រភពផលិតមួយនៅក្នុងស្រុក ហើយវាធានាបាននូវស្ថិរភាព។

សម្ដេចធិបតីបានបន្តថា : សន្តិសុខថាមពល គឺសំខាន់ណាស់ ព្រោះថាបើគ្មានសុវត្ថិភាព គ្មានសន្តិសុខខាងថាមពលទេ នោះយើងក៏គ្មានសន្តិសុខខាងសេដ្ឋកិច្ចដែរ ព្រោះសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់យើងមួយភាគធំ ពឹងផ្អែកទៅលើថាមពលអគ្គិសនី។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការធានានូវស្ថិរភាពនិងប្រសិទ្ធិភាពក្នុងការផលិតថាមពលអគ្គិសនី គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវខិតខំអនុវត្តបន្ថែមទៀត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ច្បាស់ៗនៅចំពោះមុខសាធារណជននាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជានឹងមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គនោះ ទេ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ មានប្រវែង ៣៣ គីឡូម៉ែត្រ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣ គ្រួសារ និងអាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖