អ្នកចាំទី Alisson របស់ Liverpool និងខ្សែប្រយុទ្ធ Diogo Jota ប្រឈមមុខនឹងបញ្ហារបួសដែលស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបួស ខកខានការបង្ហាញខ្លួននៅរាត្រីនេះ។ កីឡាករទាំងពីរបានរងរបួសអំឡុងពេល Liverpool ស្មើ ១–១ នៅ Manchester City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អ្នកចាត់ការ Jurgen Klopp បាននិយាយថា របួសរបស់ Alisson មិនអាក្រក់ដូចការភ័យខ្លាចដំបូងឡើយ ប៉ុន្តែគាត់នៅតែត្រូវសម្រាកប្រហែល២សប្តាហ៍ ខណៈដែលមិនទាន់មានពេលវេលាណាមួយត្រូវបានគេដាក់ឱ្យ Jota ជាសះស្បើយនៅឡើយ។
កីឡាករអន្តរជាតិព័រទុយហ្គាល់ Jota ត្រូវបានបង្ខំឱ្យចាកចេញបន្ទាប់ពីនាទីទី៥៤នៅកីឡដ្ឋាន Etihad ខណៈដែល Alisson បានបញ្ចប់ការប្រកួតបើទោះបីជាមានរបួសសរសៃពួរយឺតក៏ដោយ។
ពេលសួរអំពីរបួសរបស់ Alisson មិនអាក្រក់ដូចការភ័យខ្លាចដំបូង លោក Klopp បានបន្ថែមថា “អត់ទេ ប៉ុន្តែអាក្រក់ល្មមហើយ។ គាត់នឹងមិនលេងនៅថ្ងៃព្រហស្បតិ៍នេះ មិនមែននៅថ្ងៃអាទិត្យទេ ប្រហែលជាមិនមែនជាសប្តាហ៍បន្ទាប់នោះទេ វាគួរតែមិនអីទេ។ ចំណែក Jota នឹងត្រូវចំណាយពេលយូរបន្តិច យើងមិនដឹងច្បាស់ថារយៈពេលប៉ុន្មាននោះទេ ប៉ុន្តែវាធ្ងន់ធ្ងរជាងនេះបន្តិច យើងត្រូវតែមើល”។
ក្រុមហង្សក្រហមធ្វើជាម្ចាស់ផ្ទះទទួលក្រុមអូទ្រីស LASK ក្នុងក្របខ័ណ្ឌ Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ មុនពេលការប្រកួតក្នុងផ្ទះមួយផ្សេងទៀតជាមួយក្រុម Fulham ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ។
បន្ទាប់មកក្រុមនេះមានការធ្វើដំណើរទៅកាន់ទឹកដី Sheffield United និង Crystal Palace ក្នុងលីក និងត្រូវប៉ះ Union St Gilloise ក្នុងក្របខ័ណ្ឌ Europa League ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ មុនពេលស្វាគមន៍ Manchester United ទៅកាន់កីឡដ្ឋាន Anfield នៅថ្ងៃទី១៧ ខែធ្នូខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)