ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថចុះបង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ២នាក់ សង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី គេឃើញវត្តមានកម្លាំងអាវុធហត្ថ បំពាក់ទៅដោយអាវក្រោះជាច្រើននាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀតផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ​ចង្វា រាជធានីភ្នំពេញ។

យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និងមានមនុស្សស្រែកឆោឡោ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកគេបានអើតមើលតាមបង្អួច ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះ ជាច្រើនរថយន្ត បានចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងលើផ្លូវកែវចិន្តាទាំងកណ្តាលអធ្រាត្រ។

អ្នកឃើញហេតុការណ៍បានបន្តថា៖ បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបាញ់កាំភ្លើង ប្រមាណ៧ ទៅ៨គ្រាប់ ដោយគាត់សង្ស័យសមត្ថកិច្ចចុះចាប់ចោរ នៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវសមត្ថកិច្ចរត់ដេញតាមចាប់ រុញឡើងទៅលើរថយន្ត។

បន្ទាប់ពីបង្កការភ្ញាក់ផ្អើល គេឃើញមានវត្តមានអ្នកយកព័ត៌មានចុះទៅដល់ទីតាំងកើតហេតុខាងលើ ព្រមទាំងបានផ្តិតរូបភាព ឃើញកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ផងដែរ។ ដោយពួកគេទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រុញឡើងទៅលើរថយន្ត និងបញ្ជូនទៅកាន់ការិយាល័យអាវុធហត្ថ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។

ក្រោយបញ្ចប់ប្រតិបត្តការ សមត្ថកិច្ចបានរំដោះមនុស្សចំនួន២នាក់ ដោយសង្ស័យជាជនរងគ្រោះ បន្ទាប់ពីទទួលបានដំណឹងពីការខលសុំជំនួយតាមរយៈប្រព័ន្ធទូរស័ព្ទ HOT LINE 1291។ ជនរងគ្រោះខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យអាវុធហត្ថដូចគ្នា ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖