ភ្នំពេញ ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ។
ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានកិត្តិយស សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី ៣០ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍-ដែលមានគោលបំណងទាញការយកចិត្តទុកដាក់របស់ បង-ប្អូនរួមជាតិ ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងក្នុងការខិតខំប្រឹងប្រែង អភិវឌ្ឍប្រទេស ដើម្បីកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគេអដស៍/ជំងឺអេដស៍។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក្រោមការ
ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួមជាចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិ ថែមទៀតផង។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម
ជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅ
បញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។ ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅ បញ្ចប់ជំងឺអេដស៍-បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជា ណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។
ជាក់ស្តែង, ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា រួមជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ, ការចុះ ប្រាស្រ័យទាក់ទងផ្ទាល់, ការផ្តល់ចំណេះដឹងតាមបណ្ដាញសង្គម ដោយផ្តោតទៅលើបច្ចុប្បន្នភាពចំណេះដឹងពី ស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍, បញ្ហាប្រឈម, វិធានការបង្ការការចម្លងមេរោគអេដស៍, វិធានការស្វែងរក សេវាផ្តល់ប្រឹក្សានិងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានទាន់ពេលវេលា, វិធានការស្វែងរកសេវាថែទាំនិងព្យាបាល និងវិធានការស្វែងរកការគាំទ្រ។ លើសពីនេះទៀត, កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ក្នុងការ ចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍, កំពុងលើកទឹកចិត្ត និង់គាំទ្រ ឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍, ពីអ្នករងគ្រោះផ្ទាល់, ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ។
អាស្រ័យហេតុនេះហើយ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោម ប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ តាមរយៈសារលិខិតនេះ ខ្ញុំសូមផ្ញើសារសំខាន់ៗ ជូនបង-ប្អូនជនរួមជាតិ ជាពិសេសយុវជនយើង ដូចតទៅ៖
១- ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់ គោលការណ៍សមភាព និងបរិយាបន្ន
២- ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សា សុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី-
៣- សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់
៤- សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុន សម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល
៥- សូមបង-ប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ឡើយ
៦- សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។
ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្មួយៗ យុវជន និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ នឹង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា