ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ ដើម្បីពង្រឹងគុណភាពនៅតាមសាលារៀនទូទាំងប្រទេសឱ្យកាន់តែប្រសើរថែមទៀតនោះ ក្រសួងក៏នឹងរៀបចំឱ្យមានពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី ដើម្បីឱ្យសាលានៅទូទាំងប្រទេសចូលរួមប្រឡងប្រណាំង។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វេីឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបញ្ជាក់ឱ្យដឹងពីការរៀបចំពង្រឹងគុណភាពអប់រំនៅកម្ពុជាបន្ថែមទៀត តាមរយៈការដាក់ចេញនូវវិធានសំខាន់ៗមួយចំនួនដូចជា ពង្រឹងការគ្រប់គ្រងសាលា និងរៀបចំផែនការអភិវឌ្ឍសាលាជាដើម។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងបន្តថា ការរៀបចំតេស្តស្តង់ដា និងវាយតម្លៃចំពោះការបង្រៀនរបស់គ្រូ ក៏ជាវិធានការចាំបាច់ផងដែរ។
គួរជម្រាបជូនថា ប្រព័ន្ធអប់រំនៅកម្ពុជា ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយការដួលរលំនៃរបបនេះ វិស័យអប់រំនៅកម្ពុជាត្រូវបានស្ដារឡើងវិញ តាមរយៈដំណើរការកម្មវិធីអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ និង អ្នកចេះច្រើន បង្រៀនអ្នកចេះតិច។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំឃើញថា វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ សិស្ស និស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅតាមប្រទេសនានា និងមានសមត្ថភាពប្រហាក់ប្រហែល ឬ លើសសិស្សនិស្សិតនៅតាមបណ្ដាប្រទេសទាំងនោះថែមទៀត៕
ដោយ៖ សហការី