ភ្នំពេញ ៖ គេតែងនិយាយថា គ្រោះថ្នាក់បំផុតគឺនៅពេលដែលអ្នកឃោសនាបំប៉ោងរឿងពិតចាប់ផ្តើមជឿលើការឃោសនារបស់ខ្លួន។
នៅមុនពេលបើកការវាយប្រហាររដូវបុណ្យតេត ១៩៦៨ កម្លាំងឃោសនាយៀកកុងតែងបំផុសអោយប្រជាជនស្អប់រដ្ឋការធីវ គី និង ពួកអាមេរិកដែលចូលមកសាបព្រួសវិនាសកម្មលើប្រទេសវៀតណាម ។ សម័យនោះ ទ្រឹស្តីរបស់អាមេរិក គឺ «ឬមួយឯងនៅជាមួយយើង ឬ មួយឯងជាសត្រូវយើង» ពោលគឺគ្មានមាគ៌ាកណ្តាលឡើយ ដោយអាមេរិកយល់ថា ចលនាអព្យាក្រិត និង ចលនាមិនចូលបក្សសម្ព័ន្ធគឺស្ថិតក្រោមការអូសទាញរបស់ចលនាកុម្មុយនីស្ត ។ ព្រោះតែការប្រកាន់ទ្រឹស្តីនេះហើយ ដែលសហរដ្ឋអាមេរិកបានប្រកាន់ជំហរតឹងរឹងជាមួយព្រះប្រមុខរដ្ឋ សីហនុ ដែលមិនព្រមចូលរួមក្នុងបក្សសម្ព័ន្ធ សេអាតូ ( South East Asia Treaty Organization ) ដែលព្រះអង្គចាត់ទុកដូចជាកូពីមួយនៃចលនា NATO នៅអាសុីអាគ្នេយ៍ ហើយដែលជំហរអរិភាពរបស់សហរដ្ឋអាមេរិកនេះហើយដែលបានរុញប្រទេសកម្ពុជាអោយខិតទៅជិតពួកប្រទេសសង្គមនិយម និង កុម្មុយនីស្តនិយមនោះ ។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
លោកបន្តថា ៖ ទ្រឹស្តី «ឬមួយឯងនៅជាមួយយើង ឬមួយឯងប្រឆាំងយើង»នេះ ហាក់ជះឥទ្ធិពលទៅលើការគិតគូររបស់មេដឹកនាំយៀកកុង និង មេដឹកនាំនៅហាណូយផងដែរ ។ ជាការពិត ប្រជាជននៅភាគខាងត្បូងស្អប់រដ្ឋការធីវ គី និង ស្អប់អាមេរិក តែគេក៏មិនបានអោបក្រសោបពួកយៀកកុងដែរ ។ ហេតុនេះហើយការវាយលុករដូវតេត ១៩៦៨ មិនបានបំផុសចលនាប្រជាជនជាទូទៅផងទេ តែបានបន្លេចចេញបណ្តាញសម្ងាត់នានាដែលពួកយៀកកុងបានរៀបចំរាប់សិបឆ្នាំនោះអោយចេញមុខគ្រប់កន្លែង ហេតុនេះនៅពេលដែលការវាយលុកនេះបរាជ័យ បណ្តាញសម្ងាត់ទាំងប៉ុន្មានរបស់យៀកកុងត្រូវបានបំផ្លាញខ្ទេចខ្ទីរទាំងស្រុង ដែលធ្វើអោយពួកអាមេរិក គិតថាពួកយៀកកុងត្រូវបាក់ឆ្អឹងខ្នងហើយ ។
តាមពិត ពួកយៀកកុងស្ទើរតែបាក់ឆ្អឹងខ្នងមែននៅក្នុងការវាយលុករដូវតេត ១៩៦៨ បើសិនជាពេលនោះពួកយៀកកុងមិនមានមូលដ្ឋានបង្អែកនៅលើទឹកដីកម្ពុជាទេនោះ ។ ថ្នាក់បញ្ជាការដ្ឋានទាំងអស់របស់ពួកយៀកកុងបានដកថយមកពួននៅដោយសុវត្ថិភាពក្នុងទឹកដីកម្ពុជា ។ មេដឹកនាំវៀតណាមបច្ចុប្បន្នបាននិយាយថា «ថ្ងៃ ៧ មករា ១៩៧៩ ពេលដែលវៀតណាមចូលមកជួយប្រជាជនកម្ពុជាអោយចាកផុតពីរបបប៉ុលពត គឺជាការសងគុណរបស់វៀតណាមចំពោះប្រជាជនកម្ពុជាដែលធ្លាប់បានជួយប្រជាជនវៀតណាមរំដោះនិងឯកភាពទឹកដីរបស់ខ្លួនវិញដែរ» ។ ហើយសគុណធំបំផុតគឺនៅក្នុងការវាយលុករដូវតេត ១៩៦៨ នេះឯង ។ នៅមានត…… ! ៕
ដោយ ៖ សិលា