ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ​ និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួន​នៅទីតាំងស្ដុក និងចែកចាយសាច់បង្កក​ ២ទីតាំងក្នុងភូមិសាស្រ្តសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ មន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន២ទីតាំងក្នុងភូមិសាស្រ្តសង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ​។ 

 មន្រ្តីជំនាញ​ បានឱ្យដឹងទៀតថា​ ក្នុងគោលបំណងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ ពិសេស អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងវេទិការវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ និងអនុសាសន៍ណែនាំ របស់លោកស្រី​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទ ឱ្យយកចិត្យទុកដាក់ពង្រឹងសកម្មភាពចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ពិសេសទីតាំងស្តុកសាច់ស្រស់និងក្លាស្សេ ដើម្បីទប់ស្កាត់និងបង្ការការនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់គ្មានប្រភព​ និងលិខិតបញ្ជាក់គុណភាព មានចម្លងមេរោគ ឬប្រើប្រាស់សារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ 

ក្នុងប្រតិបត្តិការនោះ​ ជាក់ស្តែងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប.​ ដឹកនាំដោយលោក  ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានក.ប.ប. នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនេះ​ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកចំនួនពីរកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីជំនាញ​ បានបញ្ជាក់ថា​ យោងតាមការឆ្លងកាត់ការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ​ និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖