ភ្នំពេញ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, ករណីចេញសេចក្តីប្រកាសព័ត៌មាន អំពី វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់សមុទ្រ” សម្រាប់មន្ត្រីកម្ពុជា ឡាវ និងវៀតណាម ។
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ សមុទ្រ ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ ខេត្តសៀមរាប។
វគ្គសិក្សានេះផ្តល់ការបង្រៀនដោយមជ្ឈមណ្ឌលជាតិ អូស្ត្រាលីសម្រាប់ធនធាន និង សន្តិសុខមហាសមុទ្រ នៃសាកលវិទ្យាល័យ Wollongong អូស្ត្រាលី ដោយមានការចូលរួមពីមន្ត្រី ជំនាញចំនួន២៣នាក់ មកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលបំពេញការងារពាក់ព័ន្ធនឹង ជំនាញគោលនយោបាយដែនសមុទ្រ សន្តិសុខដែនសមុទ្រ ឆ្មាំសមុទ្រ និងកងទ័ពជើងទឹក។
វគ្គសិក្សានេះបានបញ្ចូលនូវគោលការណ៏សំខាន់ៗនៃច្បាប់សមុទ្រដែលមានចែងក្នុងអនុសញ្ញា ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ របស់អង្គការសហប្រជាជាតិ ព្រមជាមួយ សិទ្ធិ និងកាត់ព្វកិច្ចរបស់ រដ្ឋក្នុងតំបន់ដែនសមុទ្រ និងរបបនាវាចរណ៍ផ្សេងគ្នា។ វគ្គសិក្សានេះក៏បានវិភាគពីការវិវឌ្ឍន៍នៃច្បាប់ សមុទ្រ តាមរយៈការអនុវត្ត និងការចរចារបស់រដ្ឋ និងការវាយតម្លៃនៃការអនុវត្តចម្រុះ។ បន្ថែមពីនេះ សិក្ខាកាមបានធ្វើការពិចារណាអំពីរបៀបដែលបទប្បញ្ញត្តិនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រត្រូវបាន បកស្រាយ និងទាក់ទងទៅនឹងទិដ្ឋភាពផ្សេងទៀតនៃច្បាប់អន្តរជាតិ រួមទាំង ជលផល បរិស្ថានសមុទ្រ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ សិក្ខាកាមក៏ពិចារណាផងដែរ លើការប្រើប្រាស់ភាគីទីបីក្នុង ដំណោះស្រាយជម្លោះដែលមានចែងក្នុងផ្នែកទី XV នៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ។
ពិធីបិទ និងពិធីប្រគល់វិញ្ញាបនបត្រ មានការអញ្ជើញចូលរួមពីឯកឧត្តម ចឹយ វិចិត្ត ប្រធាន វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ និងលោក Andreas Zurbrugg អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានសង្កត់ធ្ងន់យ៉ាងមុតមាំចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការកសាងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
វគ្គសិក្សានេះទទួលបានការឧបត្ថម្ភដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី និង មានការគាំទ្រដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕
ដោយ ៖ សិលា