ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូល G77 + China កំពុងដំណើរការ នៅទីក្រុងឌូបៃ

ចែករំលែក៖

ទីក្រុងឌូបៃ ៖ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់អេមីរ៉េត។ 

កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈប្រតិភូនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧៧ រួមជាមួយនឹងប្រទេសចិន បានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាស  ធាតុលើពិភពលោក ដែលមានចំណុចមួយ  ចំនួនដូចខាងក្រោម ៖

១-ភាគីទាំងអស់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាស  ធាតុ។ យោងតាមព័ត៌មាននៃបរិមាណឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) សកម្មភាពដែលបានធ្វើកន្លងមក មិនអាចទប់ស្កាត់នូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស បានឡើយ។ 

២-ជំរុញការកៀរគរមូលនិធិអាកាសធាតុបៃតង ឲ្យបានយ៉ាងតិចណាស់ ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ និងមូលនិធិផ្សេងទៀត ដូចជា មូលនីធិបន្សាំនឹងអាកាសធាតុ មូលនិធិសម្រាប់ការបាត់បង់និងខូចខាត (Lose and Damage) ដោយការប្រែប្រួលអាកាសធាតុជាដើម។

៣-បង្កើនការអភិវឌ្ឍថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល ព្រមទាំងការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

៤-បង្កើនតម្លៃកាបូនឱ្យបានសមរម្យសម្រាប់លើកទឹកចិត្តដល់សកម្មភាពកាត់បន្ថយការ  ប្រែប្រួលអាកាសធាតុ។

៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព និងបង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

៦-ពង្រឹងសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសជាកោះតូចៗ ដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុឱ្យកាន់តែរឹងមាំក្នុងការសាមគ្គីគ្នា ដើម្បីពង្រីកកម្លាំងចរចា ស្វែងរកការគាំទ្រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយមិនទុកចោលអ្នកណាម្នាក់ រងគ្រោះដោយសារតែការបាត់  បង់ និងបំផ្លាញ (lose and Damage) ដោយការប្រែប្រួលអាកាសធាតុឡើយ។

កិច្ចប្រជុំកំពូលនេះ បានបង្ហាញនូវជំហររួម ដែលស្របទៅនឹងគោលនយោបាយ និង

ការតាំងចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ ៖ សហការី


ចែករំលែក៖