ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌិត ទីណា ដឹកនាំ​កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក ខណ្ឌ​ ឃុំ​ សង្កាត់​ និងភូមិ​ នាពេលខាងមុខ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃ​អាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅ​ និងស្ថានភាពភូមិសាស្រ្ត​ខេត្ត​ និងពិភាក្សាត្រៀមរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក ខណ្ឌ​ ឃុំ​ សង្កាត់​ និងភូមិ​ នាពេលខាងមុខ​ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល​។

សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។  នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលខេត្តបន្ទាយមានជ័យ 

អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ 

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តបន្ទាយមានជ័យ  និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖