ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord EVEREST មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតបុកទម្លុះចូលហាងលក់គ្រឿងសមុទ្រមួយកន្លែងមិនទាន់បើកលក់នៅឡើយទេ បណ្ដាលឲ្យខូចខាតទ្វារនិងជញ្ជាំងប្រេះស្រាំមួយចំហៀងខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០ នាទីយប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅត្រង់ចំណុចហាងលក់គ្រឿងសមុទ្រ មួយកន្លែងតាមបណ្ដោយផ្លូវ ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកFord EVEREST ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BT-8168បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកទម្លុះចូលហាងលក់គ្រឿងសមុទ្រមួយកន្លែងកំពុងជួសជុល បណ្ដាលឱ្យខូចខាតទ្វារអស់ចំនួន ៥ ផ្ទាំងនិងប្រេះស្រាំជញ្ជាំងមួយចំហៀងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបណ្តោះអាសន្ន ដើម្បីឲ្យធ្វើការសម្របសម្រួលគ្នាជាមួយខាងម្ចាស់ហាងបន្ត៕
ដោយ៖សុខាសែនជ័យ