កម្មវិធីប្រកួត Women’s Champions League ត្រូវបានកំណត់ទៅជាទម្រង់លីកចំនួន១៨ក្រុមចាប់ពីរដូវកាល២០២៥–២០២៦ទៅ។ ជំនួសឱ្យក្រុមចំនួន១៦ដែលបំបែកជា៤ក្រុមក្នុង១ពូល ក្លិបនឹងលេងការប្រកួតក្នុងផ្ទះចំនួន៣ និងការប្រកួតក្រៅដីចំនួន៣មុននឹងឈានទៅវគ្គបន្ត។
គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានអនុម័តការផ្លាស់ប្តូរនេះនៅក្នុងកិច្ចប្រជុំនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍។ ការប្រកួតប្រជែងផ្នែកនារីនឹងត្រូវគ្នានឹងទម្រង់លេង Champions League របស់បុរសថ្មីដែលនឹងត្រូវបង្ហាញនៅរដូវកាលក្រោយ។
ចាប់ពីយុទ្ធនាការឆ្នាំ២០២៤–២០២៥ ការប្រកួតផ្នែកបុរសនឹងក្លាយជាលីកចំនួន៣៦ក្រុមដែលក្នុងនោះក្លិបលេងចំនួន៤ប្រកួតក្នុងផ្ទះ និងក្រៅដីក្នុងប្រព័ន្ធមុននឹងឈានទៅវគ្គបន្ត។
UEFA ក៏បានផ្តល់ភ្លើងខៀវដល់ការប្រកួតប្រជែងក្លិបអឺរ៉ុបស្ត្រីជាលើកទី២ ហើយនឹងចេញផ្សាយព័ត៌មានលម្អិតបន្ថែមទៀតនៅថ្ងៃចន្ទ។ លើសពីនេះ គណៈកម្មាធិការបានបញ្ជាក់ពីកាលវិភាគប្រកួតសម្រាប់ Euros ស្ត្រីនៅប្រទេសស្វីសក្នុងឆ្នាំ២០២៥ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន St Jakob-Park ក្នុងទីក្រុង Basel នៅថ្ងៃទី២៧ ខែកក្កដា។
ប្រាក់រង្វាន់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបបុរសនៅប្រទេសអាឡឺម៉ង់នារដូវក្តៅឆ្នាំក្រោយនេះក៏នឹងនៅតែស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងការប្រកួតឆ្នាំ២០២០ដែលពន្យារពេល។ ទឹកប្រាក់សរុបចំនួន៣៣១លានអឺរ៉ូ (២៨៣.៥លានផោន) ត្រូវបានកំណត់ដើម្បីចែកចាយ ដោយក្រុមដែលឈ្នះដែលអាចទទួលបានប្រាក់រង្វាន់អតិបរមាពី២៨.២៥លានអឺរ៉ូ (២៤.២លានផោន)៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)