ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនៃមន្ទីរកសិកម្មខេត្តរតនៈគិរីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យគាំងបេះដូង

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យ៤៩ឆ្នាំបានដេកស្លាប់នៅក្នុងផ្ទះជួលមួយកន្លែងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចមូលដ្ឋាន ខណ:អ្នកស្នាក់នៅផ្ទះជួលនោះមិនបានចេញមកខាងក្រៅជាច្រើនថ្ងៃ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលលោក អុន សំអុល ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។​

មន្ត្រីនគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា សពឈ្មោះ ហ៉ឹប លេខ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីមន្ទីរកសិកម្មខេត្តរតនគិរី មានស្រុកកំណើតខេត្ត បាត់ដំបង និង ពុំមានព័ត៌មានអ្វីទាក់ទងនិងសាច់ញាតិក្រុមគ្រួសារសពឡើយ។​

    នគរបាលប៉ុស្តិ៍បញ្ជាក់ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨និង០៩នាទីព្រលប់ កម្លាំងនគរបាលប៉ុស្តិ៍​បានទទួលការរាយការណ៍ពីម្ចាស់ផ្ទះជួលខាងលើថា មានករណីសង្ស័យដោយម្ចាស់ផ្ទះជួលបានទូរស័ព្ទទៅជនរងគ្រោះដើម្បីទូទាត់ថ្លៃបន្ទប់ជួលជាច្រើនលើក ប៉ុន្តែពុំមានការឆ្លើយតបឡើយ ខណៈនោះដែរម្ចាស់ផ្ទះជួលក៏បានទៅគោះទ្វារបន្ទប់ជាច្រើនលើកទៀត ក៏នៅតែគ្មានការឆ្លើយតប។​

     រហូតដល់ម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍ និងមានការចូលរួមពីចៅសង្កាត់រងឡាបានសៀក មេភូមិ ម្ចាស់ផ្ទះជួល បានឯកភាពគ្នាដើម្បីគាស់ទ្វារបន្ទប់ដើម្បីចូលទៅពិនិត្យ។ បន្ទាប់ពីបានគាស់ទ្វារចូលទៅក្នុងបន្ទប់ សមត្ថកិច្ចក៏បានឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ។​

     យោងតាមការសន្និដ្ឋានរបស់កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្ត ចុះធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន និងពុំមានស្លាកស្នាមវាយដំនៅត្រង់ចំណុចណានៃសពនោះឡើយ។​

     បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ដើម្បីយកទៅដាក់កម្កល់នៅវត្តភូមិថ្មី ធ្វើបុណ្យទៅតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖