ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា បានទទួលជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកួតនេះ ក៏បានផ្តល់ឱកាសជាប្រវត្តិសាស្រ្តសម្រាប់អត្តពលិកមានពិការភាព មកពីបណ្តាប្រទេសនានាក្នុងតំបន់ពិសេសអត្តពលិកមានពិការភាពកម្ពុជាបានចូលរួមប្រកួតស្មើមុខស្មើមាត់ និងបានបង្ហាញអំពីសមត្ថភាព ដ៏មានសក្តានុពលរបស់ជនមានពិការភាព។
សម្ដេចបានបញ្ជាក់ថា ព្រះរាជាណាចក្រ កម្ពុជា មាន មោទកភាព ដោយ បាន ចូលរួម រៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះជាមួយប្រជាជាតិទូទាំងពិភពលោក ជាការ អបអរ សាទរ ចំពោះ ជោគ ជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្ត ទុក ដាក់ របស់ រដ្ឋាភិបាល នៃ ប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី បន្ត លើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិន មាន ការ រើស អើង ពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។
សម្ដេចធិបតីថ្លែងថា «ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និង បន្ត កសាង ធន ធាន ជន មាន ពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និង រស់ រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មាន ឱកាស ប្រកួត ប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក» ៕
ដោយ ៖ សិលា