ភ្នំពេញ ៖ ភាពញញឹមរបស់អ្នក តារា «ថាណាកា» ពិតមានសុភមង្គលណាស់សម្រាប់ខ្លួនឯង ខណៈធ្វើឱ្យជនរងគ្រោះស្លាប់ដោយសារស្នាដៃរបស់អ្នក បើកឡានបុកទាំងស្ថានភាពស្រវឹង អមដំណើរជាមួយមិត្តភក្តិជាច្រើន បើកឡានលឿនពេញផ្លូវ បង្ហាញភាពអស្ចារ្យ បន្ទាប់ពីឆក់ជីវិតជនរងគ្រោះ ។ ករណីនេះ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអ្នកសារព័ត៌មាន ដឹងនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ៖ ព្រះរាជអាជ្ញារងអមសាលាដំបួង ដែលទទួលបន្ទុកករណីស្រ្តីស្រស់ស្អាតម្នាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុកបុរសជិះម៉ូតូអាគុយបណ្ដាលឱ្យស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងសាកសួរជនបង្កទៅតាមនីតិវិធី។ ទោះមានការអន្តរាគមន៍ ក៏លទ្ធផល ស្ថិតក្នុងការសាកសួរពីតំណាង អយ្យការដដែល ។ សូមរំលឹកថា ៖ មានហេតុការដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូអាគុយសុខៗ ត្រូវបាននារីស្រស់ស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១៖៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ មុខរបរលើកអីវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ទោះជនបង្កជាស្រីស្អាត មិនត្រូវបានសមត្ថកិច្ច មិនប្រាប់ពីអត្តសញ្ញាណ ប៉ុន្តែ ជនបង្ក ឈ្មោះ គាត់ជា តារា «ថាណាកា»។
ដោយឡែក បុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា ៖ ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ ដោយសារតែស្រវឹងបានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ នៅពេលនោះ នារីដែលបើករថយន្តបង្ក បានចុះមកមានសភាពស្រវឹងស្រាជោកជាំ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់ឃាត់អ្នកបើករថយន្តបង្ក យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំតាមនីតិវិធី។ ចំណែកសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ដោយឡែក សពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី។
រឿងមួយនេះ អ្នកនាំពាក្យតំណាងអយ្យការ មានប្រតិកម្ម បន្ទាប់ពីមាន អ្នកបង្ហោះថា៖ ត្រូវបានដោះលែង តាមពិត តំណាងអយ្យការ កំពុងសាកសួរនៅឡើយ ។ ទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលតដ្ឋ ទាំងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម Facebook តាមដានករណីនេះបំផុត ។ ជីវិតមនុស្សម្នាក់ មិនសប្បាយសើច ដូចអ្នកបានប្រព្រឹត្តទេ អ្នកដឹងទេថា ទំហំទុក្ខសោកនៃក្រុមគ្រួសារគេ មានទំហំប៉ុណ្ណា ? កម្ពុជាមានច្បាប់ អ្នកត្រូវប្រឈមនឹងបទល្មើសនេះ៕ ដោយ ៖ សហការី