ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ៖ គ្រប់សមាសភាពនៅសហគមន៍យល់ដឹងច្បាស់ពីបញ្ហា​គ្រឿងញៀន​គឺអាចកាត់ផ្តាច់បានទីផ្សារគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ខ្លូត ចិន្តា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម  នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តកំពង់ចាម។ 

ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបានដាក់ចុះកន្លងមក ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។ 

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តកំពង់ចាម ស្របតាមគោលការណ៍ណែនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស ដើម្បីឆ្លើយតបទៅនឹងឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនចំពោះសុខុមាលភាពប្រជាពលរដ្ឋ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ជាមួយនឹងការផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំលេខ០០២ បានធ្វើការណែនាំបន្ថែមដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ដកំពង់ចាមនូវកញ្ចប់ការងារទាំង៧ របស់លោកសន្តិបណ្ឌិត នេត សាវឿន រួមមាន៖

១.ការងារអនុវត្តច្បាប់

២.ការងារត្រួតពិនិត្យសារធាតុគីមីផ្សំ

៣.ការបង្ការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន

៤.ការងារផ្សព្វផ្សាយអប់រំ

៥.ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ

៦.ការសំអាតប្រាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

៧.ការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន  និងសមាហរណកម្ម ។ 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងបន្ថែមដោយឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ការងារស្រង់ស្ថិតិគ្រប់មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនដែលជាការងារសំខាន់ណាស់​ សម្រាប់បម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគ្រប់សមាសភាពនៅសហគមន៍យល់ដឹងពីបញ្ហា​គ្រឿងញៀន​គ្រប់គ្នាគឺគ្មានអ្នកប្រើ គ្មានអ្នកលក់​ និងកាត់ផ្តាច់បានទីផ្សារគ្រឿងញៀន៕

ដោយ​៖ សហការី​


ចែករំលែក៖