ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិននៅផ្ទះបុរជាប្តីដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះខ្ទេចគ្មានសល់បង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះអស់គ្មានសល់ បើទោះជាមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងខាងលើកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។

ការឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើង ដុតផ្ទះខ្លួនឯងចោលនេះកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា បុរសជាប្តីចិត្តភ្លើងដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ខន មិថុនា អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើ សកម្មភាពដុតផ្លះខ្លួនឯង ដែលមានទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត បណ្ដាលឲ្យឆេះខូចខាតទាំងស្រុងរួមទាំងសម្ភារៈនៅក្នុងផ្ទៈដូចខាងក្រោម ៖

      -គ្រែប្រអប់ចំនួន០១

     -ទូរទស្សន៍ចំនួន០២គ្រឿង 

      -កង្ហារចំនួន០២

     -និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានបញ្ជាក់បន្ថែមទៀតថាមូលហេតុដែលធ្វើឱ្យបុរសជាប្តីដាច់ចិត្តដុតផ្ទះចោលនោះគឺដោយសារតែតូចចិត្ត និងខឹងប្រពន្ធខ្លួនឈ្មោះយ៉ាង ធីតា អាយុ៣៣ឆ្នាំ មិននៅផ្ទះ ទើបដុតផ្ទះតែម្តង។

នគរបាលស្រុកដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្បែរនោះយឺតពេល ទើបបណ្ដាលឲ្យសង្រ្គោះពន្លត់ករណីដុតផ្ទះពុំទាន់។

 ករណីខាងលើនេះសមត្ថកិច្ចស្រុកបសេដ្ឋបានឃាត់ខ្លួនជនសង្ស័យ(ឈ្មោះ ខន មិថុនា)នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីកសាងសំណុំ រឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖