ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធ,គ្រាប់រំសេវដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡើងនៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង២០នាទី គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំចុះអនុវត្តឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុច ផ្លូវលេខ៥៩៨ ក្រុមទី៦៦ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៍ខ្មៅ ភ្នំពេញ 1JH-8845 ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឆែកត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន៖ គ្រាប់កាំខ្លីម៉ាករ៉ូឡូ០៦គ្រាប់នៅជាប់ខ្លួន រួចកម្លាំងចម្រុះយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតែម្ដង ។
ជនសង្ស័យរូមមាន៖ ១-ឈ្មោះ ឈិន ចន្ទ្រា ហៅ ភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អ្នកតន្រ្តីករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៧២ កែង៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ២-ឈ្មោះ រ៉ា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន៖
១-គ្រាប់កាំខ្លីម៉ាករ៉ូឡូ០៦គ្រាប់ (ចាប់យកពីឈ្មោះ ឈិន ចន្ទ្រា ហៅ ភា ) ។
២-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៌ខ្មៅ ភ្នំពេញ 1JH-8845 (ចាប់យកពីឈ្មោះ រ៉ា ឧត្ត ) ។
-ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀនទាំង០២នាក់) ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី