ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមគាំទ្រ និងលើកទឹកចិត្ដ ដល់វិស័យឯកជន ចូលរួមលើក ស្ទួយសេដ្ឋកិច្ចជាតិ ជាពិសេស ការដាក់តាំងពិព័រណ៏ឧស្សាហកម្ម សំណង់កម្ពុជាអន្ដរជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៏កោះពេជ្រ រយៈ ពេល៣ថ្ងៃ ដែលមានក្រុមហ៊ុនជាតិ និងអន្ដរជាតិ១៣៣ក្រុមហ៊ុន ដោយមានដាក់តាំងផលិតផល និងសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទរួមទាំងអចលនទ្រព្យ និងបច្ចេកវិទ្យាទំនើបៗជាង១០០០ប្រភេទនិងស្ដង់ ២៣៩ស្តង់ ដើម្បីបង្ហាញពីមោទកភាពរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាផងដែរ ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងការគាំទ្រលើកទឹកទឹចិត្ដបែបនេះ ខណៈលោកអញ្ជើញ ចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ និងសម្ពោធបើកពិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជាអន្ដរជាតិឆ្នាំ២០២៣ របស់សមាគមអ្នកសាងសង់កម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៏កោះពេជ្រ ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្ដ ចំពោះការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់អន្តរ ជាតិនេះឡើង គឺដើម្បីជួយដល់ការផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា នៅអាណត្តិទី៧ នៃរដ្ឋសភា និងក៏ជាដំណាក់ការចាប់ផ្តើម នៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។មិនត្រឹមតែប៉ុណ្ណោះក្រសួងដែនដីនគរូបណីយកម្ម និងសំណង់ ក៏បានចាត់ទុកសមាគមជាវិស័យឯកជន និងជាដៃគូរសម្រាប់ពិភាក្សាការងារក្នុងការអភិវឌ្ឍ វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាថែមទៀតផង។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអរគុណអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាដែលបានខិតខំកៀងគរសមាជិក១៣៣ក្រុមហ៊ុន ចូលរួម ។
លោក ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា៖ តាមរយៈពិធីនេះ និងបានឆ្លុះបញ្ចាំងនូវភាពជោគជ័យទាំងការងារសហ ប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិការងាររួមចំ ណែកអភិវឌ្ឍន៏សង្គមជាតិលើវិស័យសំណង់តាមរយៈ ការចូលរួមសហការគោរព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ បទប្បញ្ញត្តិបច្ចេកទេសនិងការជួយផ្សព្វផ្សាយអំពីការរីកចម្រើនការអភិវឌ្ឍសក្តានុពល និងកាលានុ វត្តភាពនៃការវិនិយោគលើវិស័យ សំណង់នៅកម្ពុជា។ លោកមានសង្ឃឹមថា កម្មវិធីជួបជុំនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ដែរថា៖ នេះជាឆ្នាំទី១៣ហើយដែលសមាគមបានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១០ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ(រយៈពេល៣ថ្ងៃ៦-៨ធ្នូ ២០២៣)ដែលមានលក្ខណៈ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ។ តាមការពិនិត្យមើលទិន្នន័យសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការវាយតម្លៃ ផ្នែកសេដ្ឋកិច្ចពីអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជារួចមក សមាគមបានសង្កេតឃើញថា វិស័យ សំណង់និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើង វិញជាបណ្តើរៗហើយដែរ ៕
ដោយ ៖ សំរិត