ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយមិនប្រើប្រាស់ថង់ប្លាស្ទិកដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង…!

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាចលនាមួយកំពុងបានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិនប្រើថង់ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក ប្រជាពលរដ្ឋរស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។

       ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨»  នៅទី០៦ ខែធ្នូ ឆ្នាំ២០២៣  លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។

      លោករដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាមគឺជារឿងដ៏ធំមួយ ដើម្បីសម្អាតផ្ទះសម្បែងរបស់យើងឱ្យស្អាត ក៏ដូចជាសម្អាតប្រទេសជាតិយើង ឱ្យមានភាពស្រស់ស្អាត ដើម្បីទទួលនូវការចាប់អារម្មណ៍ពីទេសចរ និងអ្នកវិនិយោគទុននានា រួមទាំងមានការគោរពកោតសរសើរ ថាកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងបានឆ្លុះបញ្ចាំងពីមរតកវប្បធម៌របស់ខ្មែរល្បីល្បាញ ដែលមានការរស់នៅស្អាតផងដែរ។

    លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងដែរថា ក្រសួងបរិស្ថានបានចែកធុងសំរាមដល់ស្រុកអូរាំងឳ ស្រុកក្រូចឆ្មារ នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះតាមសាលារៀននិងវត្តនីមួយៗ ទទួលបានធុងសំរាមចំនួន២។ បនញទាប់ពីបញ្ចប់ការចែកធុងសំរាម នៅខេត្តត្បូងឃ្មុំ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចែក នឹងបន្តចែកដល់សាលារៀន នៅតាមខេត្តដទៃទៀត៕

ដោយ ៖ សហការី


ចែករំលែក៖