ព័ត៌មានទាន់ហេតុការណ៍៖

ទាញកាំបិតផ្គាក់កាប់បងថ្លៃនិងបងស្រីបង្កើតបណ្តាលឱ្យរងរបួស រួចព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលឃាត់ខ្លួនបាន

ចែករំលែក៖

   ខេត្តកំពង់ស្ពឺ៖ ដោយសារតែកំហឹងទប់មិនជាប់ធ្វើឱ្យបុរសជាប្អូនថ្លៃត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋតាមឃាត់ខ្លួនបាន ខណៈដែលប្អូនថ្លៃចិត្តភ្លើងរូបនេះប្រើហិង្សាដោយចេតនាយកកាំបិតផ្គាក់កកុកកាប់ទៅលើបងថ្លៃនិងបងស្រីបង្កើតបណ្តាលឱ្យរងរបួសដេរជាច្រើនថ្នេរ ព្រោះតែគំនុំគុំកួន។

   ករណីហិង្សាយកកាំបិតកាប់លើបងថ្លៃនិងបងស្រីខ្លួនឯងបណ្តាលឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់រុនត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

   នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះជា ណុប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកេីតហេតុខាងលេី បានធ្វើសកម្មភាពយកកាំបិតផ្គាក់កកុក ដងឈើកាប់ទៅលើជនរងគ្រោះឈ្មោះឈួន នុ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃ)ចំនួន០១កាំបិតបណ្តាលឱ្យរងរបួសត្រូវចំក្បាលផ្នែកខាងស្តាំរងរបួសធ្ងន់ដេរចំនួន៧ថ្នេរ។ ខណៈកំពុងតែធ្វើសកម្មភាព ឈ្មោះជា ឡាត់ ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិឃុំកេីតហេតុ ត្រូវជាបងបង្កើតជនសង្ស័យបានរត់មកឃាត់ ក៏ត្រូវបានជនសង្ស័យឈ្មោះជា ណុបកាប់១កាំបិតផ្គាក់ត្រូវចំកូយដៃខាងឆ្វេងដេរចំនួន១០ថ្នេរ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះជា ណុប បានរត់គេចខ្លួនបាត់ ។

   នគរបាលស្រុកបសេដ្ឋបានបន្តទៀតថា ចំពោះជនរងគ្រោះឈ្មោះឈួន នុ និងឈ្មោះជា ឡាត់ ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។

 នគរបាលស្រុកបសេដ្ឋបញ្ជាក់ទៀតថា លុះព្រឹកឡើងចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិម្រាល ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនឹងវត្ថុតាងកាំបិតផ្គាក់(កកុក១ដើម) យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បើតាមចម្លើយរបស់ជនសង្ស័យឈ្មោះជា ណុប បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះឈួន នុ និងឈ្មោះជា ឡាត់ ប្រាកដមែន ដោយសារតែមូលហេតុខ្លួនធ្លាប់ទាស់ពាក្យសម្ដីជាមួយជនរងគ្រោះកន្លងមក ទើបនៅថ្ងៃកើតហេតុខ្លួនខឹងជនរងគ្រោះឈ្មោះឈួន នុ ក៏ប្រើហិង្សាលើជនរងគ្រោះបណ្ដាលឱ្យរងរបួសតែម្ដង។ 

   កន្លងមកជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះឈួន នុ (ជាបងថ្លៃ) ម្ដងរួចមកហើយ ប៉ុន្តែពេលនោះជនរងគ្រោះគេចខ្លួនទាន់ទើបមិនបណ្ដាលឱ្យរងរបួស។

    បច្ចប្បន្នជនសង្ស័យជាប្អូនថ្លៃត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាង កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖