ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអុីរ៉ង់បានស្នើឱ្យអាមេរិកសងសំណងជិត៥០ពាន់លានដុល្លារពាក់ព័ន្ធការធ្វើឃាតឧត្តមសេនីយ៍ Soleimani

ចែករំលែក៖

តុលាការមួយក្នុងប្រទេសអុីរ៉ង់បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងបុគ្គលនិងនីតិបុគ្គលរាប់សិបនាក់ផ្សេងទៀតបង់ប្រាក់សំណងជិត 50 ពាន់លានដុល្លារសម្រាប់ការធ្វើឃាតឧត្តមសេនីយ៍ Soleimani កាលពីជាង 3 ឆ្នាំមុន។
យោងតាមសារព័ត៌មាន Press TV បានផ្សាយថា តុលាការក្នុងប្រទេសអុីរ៉ង់បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងបុគ្គលនិងនីតិបុគ្គលមួយចំនួនបង់ប្រាក់សំណងជិត 50 ពាន់លានដុល្លារសម្រាប់ការធ្វើឃាតឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងកម្លាំង Quds វរជននៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) នៅក្នុងខែមករា ឆ្នាំ 2020 ។
ជាក់ស្តែង យោងតាមសេចក្តីសម្រេចដែលចេញដោយសាខាទី 55 នៃតុលាការទំនាក់ទំនងអន្តរជាតិក្រោមនាយកដ្ឋានយុត្តិធម៌ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី 6 ខែធ្នូ បានប្រកាសថា បុគ្គលនិងនីតិបុគ្គលចំនួន 42 នាក់ ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន 49.77 ពាន់លានដុល្លារសម្រាប់ការធ្វើឃាតឧត្តមសេនីយ៍ Soleimani ។
ទាក់ទងនឹងនីតិបុគ្គល មានទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកជាច្រើនដូចជា ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ទីភ្នាក់ងារស៊ើបការណ៍កណ្តាលរបស់សហរដ្ឋអាមេរិក ធនាគារកណ្តាលអាមេរិក និងសាជីវកម្មផលិតសព្វាវុធមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា Lockheed Martin និង Raytheon ជាដើម។
បើនិយាយពីបុគ្គលវិញ មានអតីតប្រធានាធិបតីអាមេរិក Donald Trump អតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper និងអតីតតំណាងពិសេសអាមេរិកប្រចាំប្រទេសអុីរ៉ង់ Brian Hook ។
តុលាការខាងលើបាននិយាយថា ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានពិនិត្យមើលបណ្តឹងរបស់ពលរដ្ឋអុីរ៉ង់ចំនួន ៣.៣១៨ នាក់។
បន្ថែមពីលើសំណងហិរញ្ញវត្ថុ តុលាការក៏តម្រូវឱ្យជនជាប់ចោទចេញលិខិតសុំទោសជាផ្លូវការចំពោះអ្នកដែលមានឈ្មោះក្នុងពាក្យបណ្ដឹងពាក់ព័ន្ធនឹងការធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Press TV


ចែករំលែក៖