ខេត្តក្រចេះ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះ។
ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបានដាក់ចុះកន្លងមក ការអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាប ព្យាបាល ស្តារនីតិសម្បទា ត្រួតពិនិត្យសារធាតុគីមីផ្សំ សំដៅសុខុមាលភាពរបស់ប្រជាពលរដ្ឋចៀសផុតពីបញ្ហាគ្រឿងញៀនស្របតាមឆន្ទ:របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ដោយយោងលើខ្លឹមសារគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខ០០២ ស.ណ.ន ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយោងលើបញ្ហាខ្វះខាតមួយចំនួន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តក្រចេះបន្តយកចិត្តទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួនដូចខាងក្រោម៖
ទី១. ត្រូវរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី (ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត)។
ទី២. ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំ ឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ ។
ទី៣. ត្រូវរៀបចំយន្តការគាំទ្រនិងតាមដានឱ្យបានច្បាស់លាស់សម្រាប់ការបញ្ជូន និង ទទួលអ្នកប្រើគ្រឿងញៀនទៅព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងត្រូវរៀបចំចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការសម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយ ចំពោះឱ្យបានសមស្រប និងមានប្រសិទ្ធភាព ។
ទី៤. ត្រូវរៀបចំ និងពង្រឹងយន្តការសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីថ្នាក់ ខេត្ត ដល់ ឃុំ សង្កាត់ ដោយផ្អែកលើលិខិតបទដ្ឋានណែនាំនាដែលមានកន្លងមក សំដៅចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឆន្ទះមុតស្រួចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ៖ សហការី