ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន

ចែករំលែក៖

ក្រុងច្បារមន ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣  លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនៃគម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប និងសម្ពោធបើកការដ្ឋានសាងសង់គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

សូមជម្រាបថា ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិធីសម្ពោធបើកការដ្ឋាននេះ មានការចូលរួមពី លោក អ៊ូអេណុ អ៉ាតស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរាជរដ្ឋាភិបាលជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សានុអ៊ិ កាស៊ូមាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងតំណាងលោកអភិបាល នៃគណៈអភិបាលខេត្តតាកែវ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើការអភិវឌ្ឍវិស័យធនធានទឹក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្មធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។

លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពខ្ពស់លើវិស័យធនធានទឹក ដើម្បីឆ្លើយតបនឹងនិន្នាការនាពេលបច្ចុប្បន្ននៃការឡើងកំដៅនៃភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យបញ្ហាទឹកមានសភាពកាន់តែធ្ងន់ធ្ងរ និងបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិទឹកដែលអាចកើតឡើងនាពេលដ៏ខ្លីខាងមុខ។ 

លោករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការស្តារ និងការជួសជុលឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការបង្កើតនិងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករក្នុងតំបន់គម្រោង បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និងប្រាក់ចំណូលរបស់ប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលស្របទៅតាមគោលនយោបាយជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ មក ប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និង JICA បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ដោយផ្តោតសំខាន់លើការសាងសង់សំណង់ការងារទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពបានគ្រប់គ្រាន់ និងទាន់ពេលវេលាជូនដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ និងការកសាងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានឈានឡើងដល់កម្រិត “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣”ហើយសមិទ្ធផលថ្មីនៃគម្រោងទាំងពីរដែលប្រារព្ធពិធីសម្ពោធក្នុងថ្ងៃតែមួយនេះ បានចូលរួមចំណែកដល់ការធ្វើឱ្យសម្រេចបាននូវអាទិភាពគន្លឹះទី៣គឺ“ទឹក” និងបាវចនា ៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្រ្តដែលបានសាងសង់រួចឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបចំនួន ១៣ ៣៩៣ ហិកតា អ្នកទទួលផលពីគម្រោងមានចំនួន ២៦ ៣១៨ គ្រួសារ ស្មើនឹង ៥៧ ៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី ១,៥០តោនទៅ ៣,៦០ តោន/ហិកតា។

ដោយឡែកគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣ ៨៣១ ហិកតា អ្នកទទួលផលចំនួន ៧ ៩២៥ គ្រួសារ ស្មើនឹង ៤៤ ១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា៕

ដោយ ៖ សហការី


ចែករំលែក៖