ភ្នំពេញ ៖ «បង្កងតាកែវ» ចិញ្ចឹមតាមបែបធម្មជាតិ មានរសជាតិឆ្ញាញ់ និងតម្លៃប្រកួតប្រជែងខ្លាំង បើធៀបទៅនឹងបង្កងធម្មជាតិ ។ បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ប្រមាណ២០គ្រួសារ ចាប់អារម្មណ៍ចង់ចងក្រងគ្នាជាសហគមន៍។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា៖ សហគមន៍កសិកម្មទំនើប ដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្ម និងរួមគ្នាគ្រប់គ្រងតាមបែបសហគ្រាសសេដ្ឋកិច្ច ហើយដែលមានវិសាលភាពធំគ្រប់គ្រាន់ ដើម្បីទទួលបានផលចំណេញពីសេដ្ឋកិច្ចមាត្រាដ្ឋាន នឹងជួយបង្កើនភាពប្រកួតប្រជែងនៃការចិញ្ចឹមបង្កងតាមបែបធម្មជាតិនៅទីនេះ និងអាចប្រែក្លាយសហគមន៍នេះឱ្យទៅជាកសិដ្ឋានដ៏រឹងមាំមួយបាន។
សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋយើងឥឡូវ មានការយកចិត្តទុកដាក់ ដាំដុះ ធ្វើចម្ការ ចិញ្ចឹមសត្វ ជាច្រើនប្រភេទ មានត្រី អន្ទង់ កង្កែប បង្កង ។ល។ សំខាន់ ខាងជំនាញ គួរត្រូវបានលើកទឹកចិត្ត រកទីផ្សារ ជួយជម្រុញ អោយពួកគាត់ កាន់តែមានគំនិត កែប្រែមុខរបរទាំងនោះ ទទួលបានកម្រៃដើម្បីដោះស្រាយជីវភាពគ្រួសារ ៕
ដោយ ៖ សិលា