ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ភ្ជួរដីដាំដំឡូងមីប្រទះឃើញមីនតោន២គ្រាប់កប់ត្រួតស៊ីគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជីវិតមនុស្សអាយុមិនអស់រួចផុតពីសេចក្ដីស្លាប់ ខណៈបុរសម្នាក់កំពុងភ្ជួរដីដាំដំឡូងមីស្រាប់តែប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់កប់ត្រួតជាន់លើគ្នា ហើយសំណាងល្អមិនផ្ទុះ ដែលការប្រទះឃើញគ្រាប់មីននេះគឺនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៧ ខេធ្នូ ឆ្នាំ២០២៣ នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក។

នគរបាលមូលដ្ឋានបានឱ្យដឹងថាៈប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មីននេះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក។ លោកបេង សេងបាននិយាយថាៈជារៀងរាល់ឆ្នាំគាត់តែងតែភ្ជួរដីស្រែរបស់មីងនៅចំណុចខាងលិចឆៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រដើម្បីដាំដំឡូងមី ។ ប៉ុន្តែឆ្នាំនេះពេលគាត់កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមត្រួតលើគ្នាចំនួន២គ្រាប់ក្នុងដីស្រែរបស់គាត់ រួចគាត់ក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលដេីម្បីចុះទៅពិនិត្យនៅនឹងកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដើម្បីយកទៅកម្ទេចចោល។ ក្នុងនោះនគរបាលក៏បានផ្ដាំផ្ញើទៅពលរដ្ឋដែលតែងតែដើររុករកសត្វឬដើរបេះបន្លែតាមខ្សែបន្ទាត់ព្រំដែនសូមមេត្តាប្រុងប្រយ័ត្ន ព្រោះគ្រាប់យុទ្ធភណ្ឌនៅសេសសល់ពីសម័យសង្គ្រាមនៅមាននៅឡើយ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖