ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ សំខាន់ណាស់ !

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារនិងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។

សម្តេចមធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីកុំឱ្យតំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកថា ៖ ក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។ រុនតាឯក នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប។

សម្តេចធិបតី បានប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង ៤ពាន់គ្រួសារ។ សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ ៕ 

ដោយ ៖ សិលា


ចែករំលែក៖