ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ក្រោយពីប្រជាពលរដ្ឋបានផ្លាស់ចេញពីតំបន់ប្រាសាទអង្គរ មករស់នៅក្នុងតំបន់រុនតាឯក គឺសម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសរុប ៤លើក ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ៖ នៅក្នុងរយៈពេលជាង ៤០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស គឺប្រហែលមិនមានកន្លែងច្រើនដូចតំបន់រុនតាឯកនេះទេ ដែលសម្តេចតេជោអញ្ជើញមក ពោលគឺក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នាសម្តេចតេជោ ហ៊ុន សែន អញ្ជើញមកតំបន់រុនតាឯកនេះចំនួន ៤ដង។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នេះជាមូលហេតុដែលសម្តេចតេជោ បង្ហាញពីការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ៗ ក្នុងការដោះស្រាយបញ្ហាការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់​រមណីយដ្ឋាន​អង្គរមករស់នៅតំបន់នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹក ដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺដើម្បីផល ប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីយូណេស្កូ ៕

ដោយ ៖ សិលា


ចែករំលែក៖