ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់។ ពិធីសំណេះសំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប ចំនួន ៤ លើក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងចុះបញ្ជាផ្ទាល់ដល់ផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការងារសាងសង់ និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅដោយផាសុក និងឆាប់រហ័ស។
-សម្ដេចធិបតី ថ្លែងថា គេសួរសម្ដេចថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនតើជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។
-សម្តេចមធិបតី ថ្លែងថា តំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម។
-សម្តេចធិបតី ថ្លែងថា ក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។ សម្ដេច ស្នើក្រសួងមហាផ្ទៃរៀបចំប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យក្លាយជាទីក្រុងគំរូ។
-សម្តេចធិបតី ប្រកាសប្តេជ្ញាចិត្ត យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង ៤ពាន់គ្រួសារ។ សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។
-សម្ដេចធិបតី ថ្លែងថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់នេះ។
-សម្តេចធិបតី ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តសៀមរាបថា៖ ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺដើម្បីផល ប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីយូណេស្កូ។
-សម្ដេចធិបតី ថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន។ សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ។
-សម្តេចធិបតី ប្រកាសផ្ដល់ក្របខណ្ឌជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៨នាក់នចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិដោយស្វ័យប្រវត្តិ ដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាព ប៊ុន រ៉ានី រុនតាឯក។ សម្ដេច ប្រកាសផ្ដល់បែបនេះ គឺដើម្បីជាការលើកទឹកចិត្តជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះ និងដើម្បីឱ្យក្រុមគ្រូពេទ្យបានបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកឱ្យបានល្អ។
-សម្ដេចធិបតី ប្រកាសជួយឧបត្ថម្ភសាងសង់អគារសិក្សាចំនួន ១ខ្នង ២ជាន់ ចំនួន១២បន្ទប់ជូនដល់សាលាបឋមសិក្សានៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សម្តេចធិបតី ដើម្បីឱ្យក្រុមគ្រូបង្រៀនទាំងនោះ បានបង្រៀនសិស្សានុសិស្សនៅសាលាបឋមសិក្សាតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដេច បានសម្រេចផ្ដល់ជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន១៤ រូប នៅសាលាបឋមសិក្សារុនតាឯក ចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។
-សម្ដេចធិបតី ប្រកាសផ្ដល់កុំព្យូទ័រចំនួន៥គ្រឿង ម៉ាស៊ីនព្រីនចំនួន៥គ្រឿង និងម៉ាស៊ីនថតចម្លងចំនួន៥គ្រឿង ជូនដល់វិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
-សម្ដេចធិបតី ប្រកាសផ្ដល់រថយន្តក្រុងចំនួន ១០គ្រឿង សម្រាប់ឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកងាយស្រួលធ្វើដំណើរទៅកាន់ក្រុងសៀមរាប ដោយឥតគិតថ្លៃ។ សម្រាប់ខ្សែរថយន្តក្រុងដែលរត់ពីតំបន់រុនតាឯកទៅកាន់ក្រុងសៀមរាប នឹងមានពេលវេលាកំណត់ធ្វើដំណើរដូចទៅនឹងទីក្រុងភ្នំពេញដែរ។
-សម្ដេចធិបតី ថ្លែងថា ការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីក្នុងតំបន់អភិរក្សអង្គរ គឺមិនមែនដើម្បីយកដីលក់ឱ្យក្រុមហ៊ុនឯកជនទេ តែដើម្បីជាការគិតគូរដល់ប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងបន្តថា ប្រសិនបើប្រជាពលរដ្ឋ គិតថា សម្ដេចតេជោ មានគំនិតទុច្ចរិកក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគ នោះប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។
-សម្ដេចធិបតី បានគូសបញ្ជាក់ថា ផ្ទុយទៅវិញ ដាច់ខាតសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល ក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ដែលមិនអាចសម្ដេចទៅបំផ្លាញការខិតខំរបស់សម្ដេចនោះទេ។
សូមជម្រាបជូនថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។
ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី ជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីកាត់បន្ថយនូវការលំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញដីលំនៅឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមានដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញលូរំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានណែនាំឱ្យសាងសង់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទ។
ក្រៅពីនោះដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បណ្ណក្រីក្រកម្រិត១ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទីតាំងនេះផងដែរ៕
ដោយ៖ ស តារា