ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ​ សាលារៀន​ វត្តអារាម​ ភូមិឋាន​ អគ្គិសនី​ ទឹកស្អាត​ មានសព្វគ្រប់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ ផ្តល់ការរស់នៅសមរម្យ​ដល់បងប្អូន​ ពូមីង​ តាយាយ​

ចែករំលែក៖

ខេត្តសៀមរាប ៖ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានានៅតំបន់អភិវឌ្ឍន៍រុនតាឯក បាននិងកំពុងដំណើការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាពដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។

ជាមួយគ្នានេះបាននិងកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បងៗមួយចំនួនទៀត មានជាអាទិ៍សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯកលើផ្ទៃដី៣ហិកតា សម្រេចបាន៩៥% រួមមានព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥%  ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋចំនួន ៤.៤៤២ គ្រួសារស្នើ ៧៥, ៧៣% ។ 

សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាណត្តិមុននិងត្រូវបានពូនជ្រុំបន្តទៀតដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍ថ្មីនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រនិង ជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលប្រជាពលរដ្ឋអាចទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើនជាងមុននិងជីវភាពរស់នៅល្អប្រសើរជាងមុន ៕

ដោយ ៖ សហការី


ចែករំលែក៖