ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កេរដំណែល និងប្រជាពលរដ្ឋជាចំណុចអាទិភាពដាច់ខាតសម្រាប់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប បានកសាងឡើងមិនដល់ ៥០០ថ្ងៃផង ប៉ុន្តែមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា សម្តេចថា ថ្វីត្បិតតែតំបន់អភិវឌ្ឍន៍រុនតាឯកមានភ្លើងចូល ប្រព័ន្ធទឹកក្រោមដីមិនទាន់បាន ១០០%ក្តី ប៉ុន្តែរាជរដ្ឋាភិបាលនឹងរុញបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើប្រៀបធៀបក្រោម ៥០០ ថ្ងៃមុនតំបន់រុនតាឯក បានរីកចម្រើនគួរជាទីកត់សម្គាល់ ហើយរយៈពេល ២ ឬ ៣ឆ្នាំទៅមុខរុនតាឯក នឹងបន្តរីកជាទីក្រុងមួយដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ 

ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទីតាំង។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ការឧបត្ថម្ភសម្រាប់សាងសង់អគារសិក្សាចំនួន ១ខ្នង ២ជាន់ ដល់សាលាបឋមសិក្សាហ៊ុនសែនរុនតាឯក និងវិទ្យាល័យហ៊ុនសែនរុនតាឯកបន្ថែមទៀត។

នៅតំបន់រុនតាឯកបច្ចុប្បន្នមានសាលាបឋមសិក្សាចំនួន១ ដែលមានអាគារសិក្សា ១ខ្នង ២ជាន់មាន ១២បន្ទប់ មានសិស្សចំនួន ១ ៦០០នាក់ដែលមិនអាចគ្រប់គ្រាន់សម្រាប់ឱ្យសិស្សសិក្សា ខណៈខាងសាលាបឋមខ្ចីបន្ទប់សិក្សារបស់វិទ្យាល័យចំនួន ៦បន្ទប់។ ដោយឡែកខាងវិទ្យាល័យមានអគារសិក្សា ២ខ្នង ២ជាន់ ២៤បន្ទប់ មានសិស្ស ៦៣៥នាក់។

ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនៅតំបន់រុនតាឯក សម្តេចធិបតី សម្រេចសាងសង់អគារសិក្សា ១ខ្នង ២ជាន់មាន ១២បន្ទប់បន្ថែមទៀតជូនដល់សាលាបឋមសិក្សា និងវិទ្យាល័យ ហើយគ្រោងពង្រីកដីបន្ថែមជូនដល់វិទ្យាល័យផងដែរ។ សម្តេចធិបតី ជឿជាក់ថា តំបន់រុនតាឯកនឹងបន្តមានប្រជាពលរដ្ឋមករស់នៅបន្ថែមទៀត ខណៈតំបន់នេះនឹងមានការអភិវឌ្ឍរីកចម្រើនក្លាយជាទីក្រុងមួយដ៏ប្រណិតផងដែរ។

ជាមួយគ្នានេះសម្តេចធិបតី ក៏នឹងផ្ដល់កុំព្យូទ័រចំនួន ៥គ្រឿង ម៉ាស៊ីនព្រីនចំនួន ៥គ្រឿង និងម៉ាស៊ីនថតចម្លងចំនួន ៥គ្រឿង ជូនដល់សាលាបឋមសិក្សា និងវិទ្យាល័យ និងមណ្ឌលសុខភាពនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ បន្ថែមពីនេះ សម្តេចធិបតីក៏បានប្រកាសផ្តល់ក្របខណ្ឌដល់មន្ត្រីអប់រំនៅតំបន់រុនតាឯក។

សម្តេចបានលើកឡើងបែបនេះក្នុងអំឡុងចុះជួបសំណេះសំណាលជាមួយ «ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖