ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ នៅថ្ងៃនេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រឡំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់៕
ដោយ៖សហការី