ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាបើករបស់មហាសន្និបាត គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិកចូលរួមសរុប ៣៦០០នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។ ខាងក្រោមជាសុន្ទរកថាបើករបស់មហាសន្និបាត៖

ថ្ងៃនេះយើងជួបជុំគ្នាប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សម្តងទៀត នៅក្នុងអាគារវិមាន៧មករានៃទីស្នាក់ការកណ្តាលគណបក្ស នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពី គណបក្សយើងបានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ និយាយរួម គណបក្សប្រជាជនកម្ពុជាពុំដែល ធ្វេសប្រហែស ឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្តែង និងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈ សម្រាប់ការបន្តវេនគឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវបាន ពិនិត្យពិច័្ចយយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និង ការអភិវឌ្ឍបន្តទៀត។

ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។ កាលវេលានេះ ក៏បង្កឱកាសឱ្យថ្នាក់ដឹកនាំជំនាន់ចាស់នៅបន្តជួយតាមមើលការដឹកនាំរបស់ជំនាន់ថ្មីប្រកបដោយសុទិដ្ឋិនិយម និងសុភនិច្ឆ័យផងដែរ។ នេះជាសភាពការណ៍ពិតរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់ បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថាដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញ ដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គមហាសន្និបាតទាំងមូលសូមសម្តែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរ។ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងថ្វាយព្រះពរព្រះអង្គទាំងទ្វេរ មានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះរាជទីឃាយុយឺនយូរ ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ។

អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែល បានលះបង់និងជួយបង្កលក្ខណៈគ្រប់យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និងតាមនីតិវិធីច្បាប់។ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះនឹងមានជាបន្តទៀត ដើម្បី ផលប្រយោជន៍ប្រទេសជាតិយើង ។

ជាមួយគ្នានេះ អង្គមហាសន្និបាតក៏មិនភ្លេចថ្លែងនូវអំណរសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ អង្គការមហាជន មន្ត្រី និង សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស >> និងប្រជាជនប្រគល់ជូន។ លើសពីនេះ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ស្មោះអស់ពីចិត្តផងដែរ

ចំពោះមិត្តភក្តិបរទេសជិតឆ្ងាយ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានរួម ចំណែកយ៉ាងធំធេងដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

អង្គមហាសន្និបាតជាទីមេត្រី

នៅក្នុងឱកាសនេះ ខ្ញុំសូមរំលឹកអំពីការកសាងគណបក្សយើង ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍ មួយចំនួនគឺ : គោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួល ខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក គោលការណ៍រក្សាភ្ជាប់ជិតស្និទ្ធរវាងគណបក្សនិងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ផ្តើមចេញពីការអនុវត្តគោលការណ៍ខាងលើនេះ បានធ្វើឱ្យបក្សយើងបានរីកធំធាត់ ពេញកម្លាំង រឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយមានគ្រប់លក្ខណសម្បត្តិអាច ដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែងតទៅ។

ក្នុងន័យដូចជម្រាបជូនខាងលើ ដើម្បីពង្រឹងគណបក្សយើងមួយកម្រិតថែមទៀតនៅក្នុងបរិបទថ្មី នៃការដឹកនាំ អង្គមហាសន្និបាតលើកនេះនឹងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម ៖

១- ពិនិត្យឆ្លងសេចក្តីព្រាង ” របាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ *

២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួន

៣-ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្តាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំង បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ កណ្តាលថ្មីផងដែរ។

មហាសន្និបាតនឹងដំណើរការរយៈពេល២ថ្ងៃ តាមរបៀបវារៈដែលបានកំណត់។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន៧៣៩.រូប លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គមហាសន្និបាតក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ចូលរួម ដែលធ្វើឱ្យសមាសភាពដែលបានអញ្ជើញសរុបមានចំនួន ៣៦០០ រូប។

ខ្ញុំសូមប្រកាសបើកមហាសន្និបាតនិងសូមប្រសិទ្ធពរឱ្យអង្គមហាសន្និបាតប្រព្រឹត្តទៅដោយ ជោគជ័យ ៕

ដោយ ៖ សិលា


ចែករំលែក៖