ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញ រយៈពេល២ថ្ងៃ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការ អចិន្រ្ទៃយ៍ ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំនៅកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញ។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ត្រូវបានគេបង្ហើបថា អាចមានការបញ្ចូលសមាជិកថ្មីប ន្ថែមទៀត នៅក្នុងគណៈកម្មាធិការកណ្តាល ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង អំពីការបញ្ចៀសចរាចរណ៍ តាមរយះការបិទផ្លូវមួយចំនួន ដើម្បីការបើកមហាសន្និបាតវិសាមញ្ញ រយៈពេល២ថ្ងៃ នេះប្រកបដោយភាពរលូន នឹងសូមការអាព្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា