ព័ត៌មានទាន់ហេតុការណ៍៖

ឆ្ងល់ទេថា ៖ ជំងឺវៀចមាត់បណ្តាលមកពីអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺវៀចមាត់ (paralysie faciale) គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។

ជំងឺវៀចមាត់មានពីរប្រភេទ៖

១- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique)

២- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល (centrale)

ក) រោគសញ្ញា៖

១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅៈ

ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។

   – ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។

   – ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។

   – ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។

ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។

២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាលៈ

   – ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។

   – រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។

ខ) មូលហេតុនៃជំងឺវៀចមាត់៖

១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅ:

   – ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។

   – អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។

   – ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។

   – ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។

   – ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែម

   – វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៏អាចនៅមានសំណល់ ២០%ដែរ។

២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល:

   – ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។

   – ជំងឺដុំសាច់ ឬមហារីកខួរក្បាល

   – ជំងឺ Sclerose en plaque

គ) ការធ្វើរោគវិនិច្ឆ័យ៖

ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅៈ

   – ការពិនិត្យឈាម

   – ការបូមទឹកឆ្អឹងខ្នង

   – ការវិភាគតាម CT scan ឬ MRI

ឃ) ការព្យាបាល៖

ការព្យាបាលជំងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺៈ

   – ការប្រើប្រាស់ថ្នាំ

   – ការព្យាបាលដោយចលនា (Physiothérapie) និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ

   – ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។

“ដូច្នេះបើលោក លោកស្រីមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័សច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់”។ នេះជាបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖