ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងព្យុងយ៉ាងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ក្នុងពេលខាងមុខ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបាននិយាយថា ទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍បន្ថែមទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពយោធារបស់សត្រូវ។
នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាផ្កាយរណបស៊ើបការណ៍បន្ទាប់នឹងត្រូវយកគំរូតាមផ្កាយរណប Malligyong-1 ដែលទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាលពីខែវិច្ឆិកាកន្លងទៅ ហើយដែលត្រូវបានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោស និងចាត់ទុកថាជាការបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយចេញផ្សាយដោយ KCNA លោក Ro Ju Hyon ជាអ្នកវិភាគកិច្ចការអន្តរជាតិម្នាក់របស់កូរ៉េខាងជើង ក៏បានរិះគន់កូរ៉េខាងត្បូងផងដែរសម្រាប់ការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ ការរិះគន់នេះធ្វើឡើងដោយផ្អែកលើអត្ថបទមួយ ចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីដើមសប្ដាហ៍កន្លងទៅនេះជាមួយការរាយការណ៍ថា កូរ៉េខាងត្បូងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រដោយប្រយោលទៅឱ្យអ៊ុយក្រែន។
កាលពីខែវិច្ឆិកាកន្លងទៅ សេតវិមានរបស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនទទួលបានព័ត៌មានដែលអាចបញ្ជាក់បានថាកូរ៉េខាងជើងបានលួចលាក់ផ្គត់ផ្គង់អាវុធ ជាពិសេសគ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី ជាថ្នូរមកវិញនឹងការទទួលបានបច្ចេកវិទ្យានិងការប្រឹក្សាពីផ្កាយរណបស៊ើបការណ៍។ តែទាំងរុស្ស៉ីនិងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់នេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖