ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខចាក់បុរសម្នាក់មួយកំបិតបណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅគល់ស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

​     ភ្នំពេញ​ ៖​ គួរឱ្យរន្ធត់ខ្លាំងណាស់​! ខណៈដែលបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម​ ដោយសារត្រូវជនសង្ស័យមិនស្គាល់មុខចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មាខាងឆ្វេង​ ។ 

​     ករណីឃាតកម្មនេះ​បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​និងអ្នកដំណេីរនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣​ នៅលេីផ្លូវបេតុង​ កែងផ្លូវលេខ២៧១ ក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

​    សមត្ថកិច្ច​បានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ កន វឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺឈានចូលថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៣នេះ​ មានប្រជាពលរដ្ឋដើរហាត់ប្រាណ​ ខណៈដេីរមកដល់ក្បែរកន្លែងកើតហេតុ​ក៏ក្រឡេកឃើញបុរសរងគ្រោះបានដេកដួលផ្កាប់មុខក្នុងថ្លុកឈាម​ ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងអាជ្ញាធរចុះទៅពិនិត្យមើលជនរងគ្រោះឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ។ 

​    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង​បានចុះមកដល់ទីតាំងកើតហេតុហើយយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងសព​ រួចក៏ទាក់ទងទៅខាងជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បន្តដើម្បីឱ្យចុះមកពិនិត្សសពបុរសរងគ្រោះ ។

​    ក្រោយពីកម្លាំងជំនាញពិនិត្យទៅលើសពរួច​ក៏បានបញ្ជាក់ថា សពបុរសរងគ្រោះត្រូវបានគេចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មាខាងឆ្វេងទើបបណ្ដាលឱ្យស្លាប់​ ហើយករណីខាងលើនេះគឺជាករណីឃាតកម្ម ដោយជនសង្ស័យមិនស្គាល់មុខបានចាក់សម្លាប់ជនរងគ្រោះ​ ។ ក្នុងករណីនេះ​ សមត្ថកិច្ចបានឱ្យគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃាតកដើម្បីយកមកចាត់ការទៅតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖