ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំលុយជីដូនអាយុ៩៥ឆ្នាំ មិនបាន ចៅប្រុសយកកាំបិតអាកញ្ចឹងកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកយាយអាយុ៩៥ឆ្នាំម្នាក់ត្រូវបានចៅប្រុសយកកាំបិតអាកញ្ចឹងក ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកូនចៅសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលចៅប្រុសនោះខឹងសុំលុយលោកយាយចំនួន១៥០០០ រៀលមិនបាន ក៏កើតកំហឹងគិតខ្លីលែងស្គាល់ជីដូនអាយុរហូតដល់ទៅ៩៥ឆ្នាំទៅហើយនោះ។

ហេតុការណ៍ចៅប្រុសយកកាំបិតអា កញ្ចឹងក ជីដូនខ្លួន ឯង បង្កឱ្យការភ្ញាក់ផ្អើលកាលវេលាម៉ោង៣រសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ចៅប្រុសយកកាំបិតអាកញ្ចឹងកជីដូនខ្លួនឯងរួចមក កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលវល្លិ៍ស បានឃាត់ ខ្លួនឈ្មោះ ស៉ឺង តុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពាក់ ព័ន្ធករណីខាងលើ ជនសង្ស័យ ជាចៅបានយកកាំបិតចិតបន្លែអាករផ្នែកខាងក្រោយនិង ខ្នងជើងខាងស្តាំ យាយឈ្មោះ ដុស ដឹប អាយុ៩៥ឆ្នាំរស់នៅផ្ទះជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់នៅចំណុចផ្ទះរបស់ខ្លួន។

សមត្ថកិច្ចបានបន្តទៀតថា មូលហេតុចៅប្រុសចិត្តខ្មៅយកកាំបិតអាកផ្នែកខាងក្រោយនោះ ជនសង្ស័យបានផឹកស្រាស្រវឹងហើយបានសុំលុយយាយចំនួន១៥០០០ រៀល មិនបានក៏ទៅយកកាំបិតកាប់ជីដូនតែម្តង។ ហើយករណីនេះឈ្មោះ សុឺង ភីលី ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវ ជាកូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើឈ្មោះ សុឺង តុងឲ្យចាត់ការតាមច្បាប់។

នគរបាលបានបញ្ជាក់ថា ក្រោយពីជំនាញសួរនាំជន សង្ស័យជាចៅទមិឡខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតអា កយាយរបស់ខ្លួន ពិតប្រាដកមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖សុន ហេង


ចែករំលែក៖