ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូនេះ មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណបក្សនយោបាយទាំង៤ រួមមាន÷ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ,គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លោកបន្តថា បន្ទាប់ពីមានកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងនសមាជិកព្រឹទ្ធ សភានីតិកាលទី៥ គ.ជ.ប.បានសម្រេចទទួលស្គាល់ជាផ្លូវការការចុះបញ្ជីជាផ្លូវចំនួន២បន្ថែមទៀត គឺគណបក្ស ឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បន្ទាប់ពីគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន ៨ ភូមិភាគ ។
ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច គ.ជ.ប.កំពុងតែពិនិត្យទៅលើឯកសារភ្ជាប់ជាមួយនឹងពាក្យសុំ។ គណបក្សនយោបាយនឹងត្រូវរង់ចាំរយៈពេល៧ថ្ងៃ មុនការសម្រេចទទួលស្គាល់ឬត្រូវណែនាំការបំពេញ ឯកសារជាបន្ថែម៕
ដោយ៖ សូរិយា