ភ្នំពេញ ៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនត្រូវចោទម្នាក់ឈ្មោះ លី ថាដារ៉ាវិ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗ។
លោក វុិត មឃៈ ព្រះរាជអាជរង និងជាសមាជិកអ្នកនាំពាក្យអយ្យការអមសារដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំពោះករណីនេះ តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ បេីកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យអ្នកដទៃស្លាប់ តាមបញ្ញត្តិមាត្រា ៨៥ ចំណុច(ខ និង ឃ) នៃច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនអ្នកបើកបររថយន្តម្នាក់ បើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅម្តុំរង្វង់មូលកោះពេជ្រ បញ្ជូនដល់ដៃតុលាការហើយ ដែលសំណុំរឿងនេះត្រូវបានស្ថាប័នអយ្យការបើកការស៊ើបសួរ តាមនីតិវិធី ។
ជនសង្ស័យដែលបើកបរបង្កឲ្យស្លាប់អ្នកដ៏ទៃនោះឈ្មោះ លី ថាដារ៉ាវិ ភេទ ប្រុស អាយុ៤២ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមជម្រាបថា អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បណ្តាលឲ្យបុកស្លាប់អ្នកដំណើរ នៅចំណុចម្តុំរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។
ការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានការដឹកនាំពីលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនី យ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក អនុវត្តផ្ទាល់ ។ បើតាមលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង បានថ្លែងឱ្យដឹងថា ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាង លើ គឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុតធ្វើការស្រាវ ជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាពហើយការ ស្រាវជ្រាវ និងចំណាយពេលជាច្រើនថ្ងៃទើបឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យខាងលើនេះ ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យសារភាពថា មុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់០៨កំប៉ុងនៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានគ្នា០៧ នាក់ ។ លុះការផឹកស៊ីរហូតដល់៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ម៉ាក TOYOTA PRIUS ពណ៌ស ថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយដែរ ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះទេ ក៏បើករថយន្តទៅផឹកបន្តនៅម្តុំវិមានឯករាជ្យ អស់ស្រាបៀរមួយយួរទៀត បន្ទាប់មកមិត្តភក្តិម្នាក់នោះក៏សុំទៅផ្ទះមុន ។លុះដល់វេលាម៉ោង៤និង៥០នាទី ថ្ងៃខែ ឆ្នាំដដែល ក៏មានមិត្តភក្តិម្នាក់ទៀតតេទូរស័ព្ទមកខ្លួនថា ឱ្យទៅជួយផងគេមានទំនាស់គ្នានៅកោះនរា ខ្លួនក៏បើករថយន្តយ៉ាងលឿនដើម្បីទៅជួយមិត្តភក្តិ នោះ ពេលទៅដល់រង្វង់មូលកោះពេជ្រប្រញ៉ាប់ឡើងស្ពានកោះនា ក៏បើកបញ្ច្រាសទិស បណ្តាលឲ្យបុកម៉ូតូអ្នកដំណើរស្លាប់ ហើយរូបគេក៏បើករថយន្តគេចខ្លួនតែម្តងទៅ ។
សូមបញ្ជាក់ទៀតថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ។
រថយន្តធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញបាត់ ។ ចំណែកជនរងគ្រោះដែលជិះម៉ូតូត្រូវរថយន្តបុកបណ្តាលឲ្យបាត់បង់អាយុជីវិតឈ្មោះ ចាន់ ផេងលាង ភេទប្រុស រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យបូជាតាមប្រពៃណី ។
បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរអាចនឹងបញ្ជូនទៅឃុំខ្លួនជាបណ្តោះសន្ននៅពន្ធនាគារនាល្ងាចថ្ងៃនេះ៕
ដោយ ៖ រ៉ារ៉ា