ខេត្តកំពង់ស្ពឺ៖ រោងបណ្តុះផ្សិតមួយកន្លែងនៅក្នុងស្រុកគងពិសីត្រូវបានអគ្គិភ័យលេបត្របាក់អស់បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងជំនាញជួយបាញ់ទឹកពន្លត់ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
ហេតុការណ៍អគ្គិភ័យឆាបឆេះរោងបណ្តុះផ្សិតនេះបានកើតឡើងកាលពីវេលាយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយឱ្យដឹងថា មានករណីឆាបឆេះរោងបណ្តុះផ្សិត ចំនួន១៧ខ្នង(រោងបណ្តុះផ្សិតនេះទុកចោលរយ:ពេល០៤ឆ្នាំមកហើយ) ស្ថិតនៅខាងក្រោយរោងចក្រស្លដែកចម្ងាយ៤៥ម៉ែត្រ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦ ផ្លូវជាតិលេខ៣ ក្នុងភូមិលៀក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះនេះបានរងការខូចខាតឆេះរោងបណ្តុះផ្សិតដែលមានទំហំ ៦ម៉ែត្រគុណនឹង១២ម៉ែត្រអស់ចំនួន១៧ខ្នង ឆេះអស់ (ប្រហែលជា៦៥%)។ ឆេះទូបណ្តុះផ្សិតចាស់ៗដែលទុកចោលមួយចំនួន។
ចំពោះមូលហេតុមិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុច្បាស់លាស់។
នគរបាលជំនាញបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការពន្លត់ករណីនេះកម្លាំងនគរបាលបានធ្វើអន្តរាគមន៍ពន្លត់និងសង្គ្រោះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកគងពិសីចំនួន០១គ្រឿងនិងរថយន្តរបស់អធិការដ្ឋាននគបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចំនួន០១គ្រឿង, បញ្ជាការដ្ឋានអង្គរក្សក្រាំងចេកចំនួន ០១គ្រឿង, រថយន្តបន្ទាយកងអង្គរក្ស ៩២១ ព្រែករកា ចំនួន០១គ្រឿង, រថយន្ត ង ៧០ ចំនួន ០៣ គ្រឿង សរុបចំនួន០៧គ្រឿងដោយប្រើប្រាស់ទឹកសរុបអស់ចំនួន ០៨រថយន្ត។
ដោយឡែកករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះឡើយ៕
ដោយ៖ សហការី