ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ

ចែករំលែក៖

រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជាកិច្ចចាប់ផ្តើម លោក វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងក្តីសោមនស្សរីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយនេះពិតបានបង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់ សម្តេចធិបតី ។

ដោយឡែក លោកប្រធានរដ្ឋ ក៏បានសម្តែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះ លោក វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។ ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” ជាដើម ។

ជាចុងបញ្ចប់ លោកប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រមទាំង សម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជាមួយនឹងការបញ្ជាក់ផងដែរថា ឯកឧត្តម នឹងរង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលខាងមុខ ៕

ដោយ ៖ សិលា 


ចែករំលែក៖