ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យក្មេងទំនើង ០៦នាក់ក្នុងចំណោមបក្សពួក១០នាក់ទៅតុលាការខេត្ដស្វាយរៀងពាក់ព័ន្ធករណីហិង្សា

ចែករំលែក៖

ខេត្ដស្វាយរៀង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាក្មេងទំនើង០៦នាក់ក្នុងចំណោមបក្សពួក១០នាក់ទៅតុលាការខេត្ដស្វាយរៀងពាក់ព័ន្ធករណីហិង្សា(វាយគ្នាទៅវិញទៅមក)នៅរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣។

    សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកស្នងការនគរបាលខេត្តស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោក មាស ធួក ជាអធិការបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់ក្នុងចំណោមបក្សពួក ១០នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកនៅភូមិចក ឃំុកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង ។

    សូមបញ្ជាក់ថា នៅវេលាម៉ោង០០និង៥៤រំលងអធ្រាត្រឈានចូលថៃ្ងទី១០ខែធ្នូឆ្នាំ២០២៣មានករណីក្មេងទំនើងចំនួនពីរក្រុមប្រដាប់ដោយកាំបិតផ្គាក់ និងដុំថ្មដេញកាប់គប់គ្នាប្រសេចប្រសាចពេញដងផ្លូវនៅត្រង់ចំណុចភូមិចក ឃំុកំពង់ចក ស្រុករំដួល ហើយពេលនោះសមត្ថកិច្ចក៏បានចុះអន្តរាគមន៍និងដេញចាប់ក្រុមក្មេងទំនើង តែក្រុមក្មេងទំនើងក៏បានយកដុំឥដ្ឋគប់មកលើសមត្ថកិច្ចដែលស្ទាក់នៅពីខាងមុខត្រូវចំលោកភី សំអ៊ែល មានតួនាទីជានាយរងប៉ុស្តិ៍ស្វាយចេក ត្រូវចំថ្គាមផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ ។ ក្រុមក្មេងទំនើងក៏បានផ្តួលម៉ូតូ ហើយរត់គេចខ្លួនបាត់ និងបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន ៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k.1279និងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L. 0552, កាំបិតផ្គាក់១ដើមដុំថ្ម១ដុំ និងស្បែកជើង៣គូ។

   សមត្ថកិច្ចបញ្ជាក់ថា ចំពោះជនសង្ស័យចំនួន៤នាក់់ទៀតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដដើម្បីយកមកចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖