ព័ត៌មានទាន់ហេតុការណ៍៖

ADB អបអរសាទរកម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំន២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Mr. Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា និងក្រុមការងារនៅឯកទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយក្នុងនោះនាយកADB បានសរសើរនិងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

លោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា គូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ 

ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1) ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ 

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួងបានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធ ភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ ស្តែងនៅតាមរោងចក្រសហគ្រាស។

 

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសរយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម។ 

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកិច្ចសហប្រតិ បត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាលជំនាញជាមួយក្រសួង ហើយរំពឹងថា ធានាគាអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រជួយលើការគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖